កែប៖ ក្នុងឱកាសឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយះពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឋិកា ឆ្នាំ២០២៥នេះ ខេត្តកែប ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-បរទេស មកសម្រាកលេងកម្សាន្ត ជាង១៥ម៉ឺននាក់ (១៥៥,៤៥៨នាក់) បេីប្រៀបធៀបឆ្នាំ២០២៤ កេីនឡេីង៥៦.៥៨% ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៤១២នាក់ ថយចុះ១៧.២៦% នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកែប។
បេីតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ស្ថានភាពទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យនៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកែប នៅតែមានភាពល្អប្រសើរ។
ក្នុងឱកាសឈប់សម្រាកនាពិធីបុណ្យជាតិនេះ រដ្ឋបាលខេត្តកែបបន្តយកចិត្តទុកដាក់ លើការគ្រប់គ្រង និងតាមដានស្ថានភាពទេសចរណ៍ប្រចាំថ្ងៃ ដើម្បីធានាថាខេត្តកែបនៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព ស្អាត សណ្តាប់ធ្នាប់ល្អ និងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕









