អ៊ុយក្រែន៖ ស្របពេលមានភាពតានតឹងខ្លាំងជុំវិញសកម្មភាពយោធា ក៏ដូចជាការដាក់ពង្រាយកងកម្លាំងរាប់ម៉ឺននាក់របស់រុស្ស៊ីនៅជិតព្រំដែនប្រទេសអ៊ុយក្រែន ក្ដីបារម្ភចេះតែកើនឡើងជារៀងរាល់ថ្ងៃ ទាំងនៅក្នុងប្រទេសអ៊ុយក្រែនខ្លួនឯង ទាំងប្រទេសលោកខាងលិចពិសេសសហរដ្ឋអាមេរិក។

រយៈពេលប៉ុន្មានសប្ដាហ៍ថ្មីនេះគេមើលឃើញថា ទាំងរុស្ស៊ី ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូបានបង្កើនសកម្មភាពយោធារៀងៗខ្លួនតាមរយៈសមយុទ្ធ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសរុស្ស៊ី និងបេឡារុស្សបានចាប់ផ្ដើមល្បែងសង្គ្រាមទ្រង់ទ្រាយធំ នៅទឹកដីបេឡារុស្សរយៈពេល ១០ថ្ងៃ ខណៈដែលលោកខាងលិចព្រួយបារម្ភកាន់តែខ្លាំង និងនៅតែបន្តព្រមានរុស្ស៊ី ចំពោះសកម្មភាពយោធារបស់ខ្លួននៅជិតព្រំដែនអ៊ុយក្រែន ដែលអាចឈានដល់ការវាយប្រហារណាមួយនៅពេលណាមួយ។ រុស្ស៊ីបានបន្តបញ្ជូនកងទ័ពរបស់ខ្លួនយ៉ាងច្រើន រួមទាំងយុទ្ធោបករណ៍ផងដែរទៅកាន់ប្រទេសបេឡារុស្ស ដែលរួមមានទាំងការពង្រាយរថក្រោះ កាំភ្លើងធំដែលអាចបាញ់បានឆ្ងាយ និងយន្តហោះចម្បាំងទំនើបៗ។ ចំណែកកងកម្លាំងអ៊ុយក្រែនវិញក៏បានធ្វើសមយុទ្ធផងដែរនៅតំបន់ Donbas ភាគខាងកើតកាលពីថ្ងៃព្រហស្បតិ៍។

កាលពីសប្ដាហ៍មុន កងកម្លាំងអ៊ុយក្រែនបានបង្កើនសកម្មភាពហ្វឹកហាត់ជាច្រើន ជាការត្រៀមសម្រាប់ការទប់ទល់ការវាយប្រហារណាមួយនៅជិតខ្សែត្រៀម ជាប់ជាមួយប្រទេសបេឡារុស្ស។ ក្រៅតែពីការធ្វើសមយុទ្ធនៅលើដីគោក អ៊ុយក្រែនក៏បាធ្វើសមយុទ្ធតាមអាកាសផងដែរដោយប្រើឧទ្ធម្ភាគចក្រ ដើម្បីវាយប្រហារគោលដៅ។ ប្រទេសរុស្ស៊ីបានបន្តធ្វើសមយុទ្ធទ្រង់ទ្រាយធំតាំងពីសប្ដាហ៍មុនមកម្ល៉េះ ដោយមានទាំងការធ្វើសមយុទ្ធដែនទឹកនៅក្នុងសមុទ្រអាត្លង់ទិក និងសមុទ្រខ្មៅជាដើម។ រីឯអង្គការណាតូវិញក៏នៅតែបន្តធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដែរ ទាំងនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រអាឌ្រៀទិក ស្របពេលភាពតានតឹងនៅក្នុងអឺរ៉ុបខាងកើតកញ្ជ្រោលឡើងខ្លាំង ដោយសារការដាក់ពង្រាយកងទ័ពរបស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន