ប្រភពដែលដឹងពីកិច្ចពិភាក្សា បាននិយាយថា ក្រុមយុទ្ធជនហាម៉ាស — ដែលប្រមូលផ្តុំគ្នានៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលកាន់កាប់ដោយអ៊ីស្រាអែល — នឹងយល់ព្រមទម្លាក់អាវុធ ជាថ្នូរនឹងការឆ្លងកាត់ដោយសុវត្ថិភាពទៅកាន់តំបន់ផ្សេងទៀតនៃដែនដីហ៊ុមព័ទ្ធ ក្រោមសំណើដោះស្រាយបញ្ហា ដែលគេមើលឃើញថាជាហានិភ័យដល់បទឈប់បាញ់រយៈពេល ១ខែមកនេះ។

ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា កិច្ចព្រមព្រៀងដែលស្នើឡើងសម្រាប់យុទ្ធជនប្រហែល ២០០នាក់នេះ នឹងក្លាយជាការសាកល្បងសម្រាប់ដំណើរការដ៏ទូលំទូលាយមួយ ដើម្បីដកហូតអាវុធទាំងស្រុងពីកងកម្លាំងហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា។
ចាប់តាំងពីបទឈប់បាញ់សម្របសម្រួលអាមេរិក បានចូលជាធរមាននៅដែនដីហ្កាហ្សា កាលពីថ្ងៃទី១០ ខែតុលាមក តំបន់រ៉ាហ្វា ជាទីកន្លែងនៃការវាយប្រហារយ៉ាងតិច ២លើក លើកងកម្លាំងអ៊ីស្រាអែល ក្នុងអ្វីដែលអ៊ីស្រាអែល បានស្តីបន្ទោសដាក់ក្រុមហាម៉ាស ប៉ុន្តែក្រុមសកម្មប្រយុទ្ធនេះបដិសេធ។
ប្រភពពីមន្ត្រីសន្តិសុខអេហ្ស៊ីបនិយាយថា ក្រុមអ្នកសម្រុះសម្រួលអេហ្ស៊ីបបានស្នើឡើងថា "ដើម្បីជាថ្នូរនឹងការឆ្លងកាត់ប្រកបដោយសុវត្ថិភាព" យុទ្ធជនហាម៉ាសដែលនៅក្នុងទីក្រុងរ៉ាហ្វា យល់ព្រមប្រគល់អាវុធទៅឱ្យអេហ្ស៊ីប ហើយផ្តល់ព័ត៌មានលម្អិតពីផ្លូវរូងក្រោមដីនៅទីនោះ ដើម្បីអាចឱ្យអ៊ីស្រាអែលទៅបំផ្លាញចោលបាន។
ប្រភពសង្កត់ធ្ងន់ថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅមិនទាន់ទទួលយកសំណើរបស់អ្នកសម្រុះសម្រួលនេះជាសាធារណៈនៅឡើយទេ ប៉ុន្តែការពិភាក្សាកំពុងតែដំណើរការ៕

