អ្នកនាំពាក្យរងរបស់ការិយាល័យការពារជនស៊ីវិល (OCD)របស់ប្រទេសហ្វីលីពីន លោក Diego Mariano បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះ Tino ដែលឈ្មោះអន្តរជាតិគឺ Kalmaegi បានកើនឡើងដល់ ១៨៨ នាក់ ទន្ទឹមនឹងមនុស្ស ១៣៥ នាក់នៅតែបាត់ខ្លួន និង ៩៦ នាក់ផ្សេងទៀតរងរបួស។

លោក Mariano បាននិយាយថា តួលេខទាំងនេះគឺផ្អែកលើរបាយការណ៍របស់ក្រុមប្រឹក្សាជាតិកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (NDRRMC) ដែលបានកត់សម្គាល់ថា ការស្លាប់ដែលបានរាយការណ៍នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់ ហើយអាចនឹងមានការផ្លាស់ប្តូរ។
យោងតាមលោក Mariano សាកសព ១៣៩ នាក់ ក្នុងចំណោមអ្នកស្លាប់ ត្រូវបានរាយការណ៍នៅក្នុងខេត្ត Cebu។
យោងតាមរបាយការណ៍ស្ថានភាពរបស់ NDRRMC មនុស្សសរុបចំនួន ២.២៥៨.៧៨២ នាក់បានរងផលប៉ះពាល់ដោយព្យុះទីណូនេះ ។ យ៉ាងហោចណាស់មនុស្ស ៣៩៧.៦៣៤ នាក់នៅតែស្ថិតនៅក្នុងមជ្ឈមណ្ឌលជម្លៀសនៅឡើយ។
ផ្ទះសរុបចំនួន ៩.៥៨៥ ខ្នងទូទាំងប្រទេសបានរងការខូចខាត ៩.៣២១ ខ្នងរងការខូចខាតដោយផ្នែក និង ២៦៤ ខ្នងរងការខូចខាតទាំងស្រុង៕

