ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានដាក់កំហុសគ្នាទៅវិញទៅមកចំពោះការប្រយុទ្ធឆ្លងព្រំដែនខណៈគណៈប្រតិភូមកពីប្រទេសទាំងពីរបានជួបប្រជុំគ្នានៅក្នុងប្រទេសទួរគីសម្រាប់កិច្ចចរចាក្នុងគោលបំណងធានាបានបទឈប់បាញ់បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមកាលពីខែមុន។

កិច្ចចរចាកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល មានបំណងបញ្ចប់ចុងក្រោយបទឈប់បាញ់ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៩ ខែតុលាក្នុងប្រទេសកាតាដែលបានបញ្ចប់ការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមរយៈពេល១សប្តាហ៍រវាងប្រទេសជិតខាងអាស៊ីខាងត្បូង ដែលបានសម្លាប់មនុស្សរាប់សិបនាក់ រួមមានទាំងទាហាន និងជនស៊ីវិល និងរាប់រយនាក់ផ្សេងទៀតបានរងរបួស។

បញ្ហាសន្តិសុខគឺជាចំណុចស្នូលនៃជម្លោះរបស់ប្រទេសទាំងពីរ ដោយទីក្រុងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ទីក្រុងកាប៊ុល ថាផ្តល់ទីជម្រកដល់ក្រុមជាច្រើន ដូចជាក្រុមតាលីបង់ប៉ាគីស្ថាន (TTP) ដែលត្រូវបានចោទប្រកាន់ថាបានបើកការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ប៉ុន្តែរដ្ឋាភិបាលក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន បានច្រានចោលការចោទប្រកាន់ទាំងនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Zabihullah Mujahid បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ខណៈការចរចាជុំទីបីជាមួយភាគីប៉ាគីស្ថាន បានចាប់ផ្តើមនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែជាគួរឲ្យស្តាយ កងកម្លាំងប៉ាគីស្ថានបានបើកការបាញ់ប្រហារជាថ្មីម្តងទៀតលើទីក្រុង Spin Boldak ខេត្ត Kandahar ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាជនតំបន់»។