ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃពុធ (៥ វិច្ឆិកា) ថា កោះតៃវ៉ាន់ ត្រូវតែទទួលបានការអនុញ្ញាតឱ្យចូលរួមយ៉ាងពេញលេញ និងស្មើភាព នៅពេលប្រទេសចិន ធ្វើជាម្ចាស់ផ្ទះជំនួបកំពូល APEC នៅឆ្នាំក្រោយនេះ បន្ទាប់ពីកោះតៃវ៉ាន់ត្អូញត្អែរថា ទីក្រុងប៉េកាំងបាន "បន្ថែមលក្ខខណ្ឌជាច្រើន" ដល់ការចូលរួមរបស់ខ្លួន។

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) គឺជាស្ថាប័នអន្តរជាតិតែមួយគត់ដែលមានកោះតៃវ៉ាន់ជាសមាជិក ខណៈចិន ដែលអះអាងសិទ្ធិលើកោះនេះថាជាតំបន់មួយរបស់ខ្លួន ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមួយនេះនៅខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងទីក្រុង Shenzhen។

ក្រសួងការបរទេសចិន បាននិយាយនៅសប្តាហ៍នេះថា ការចូលរួមរបស់កោះតៃវ៉ាន់ ក្នុងសកម្មភាព APEC ត្រូវតែគោរពតាមគោលការណ៍ "ចិនតែមួយ" ដែលបញ្ជាក់ន័យថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជារបស់ប្រទេសតែមួយ។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សមាជិក APEC បានយល់ព្រមដោយឯកច្ឆន្ទកាលពីឆ្នាំមុន ចំពោះសំណើរបស់ចិន ក្នុងការធ្វើជាម្ចាស់ផ្ទះ APEC នៅឆ្នាំ២០២៦ ហើយសមាជិក APEC នៅតែប្តេជ្ញាចិត្តចំពោះ "សមាជិកទាំងអស់" ដែលចូលរួមដោយស្មើភាពគ្នា ក្នុងព្រឹត្តិការណ៍ APEC ទាំងឡាយ។
ថ្លែងនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិន នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ APEC ហើយថា រដ្ឋាភិបាលចិន បានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួនរួចហើយ លើការចូលរួមរបស់កោះតៃវ៉ាន់៕