ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅសហរដ្ឋអាមេរិក លោកស្រី Olha Stefanishyna បានប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍ (៦ វិច្ឆិកា) ថា អ៊ុយក្រែន កំពុងចូលរួមនៅក្នុងកិច្ចពិភាក្សាយ៉ាង "វិជ្ជមាន" អំពីការទិញមីស៊ីល Tomahawk និងអាវុធរយៈចម្ងាយឆ្ងាយផ្សេងទៀត ជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា សម្រាប់ពេលនេះ លោកមិនកំពុងពិចារណាលើកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ុយក្រែន ទទួលបានមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយ សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ីនោះទេ។

យ៉ាងណាក៏ដោយ នៅក្និងកិច្ចសម្ភាសន៍ជាមួយ Bloomberg លោកស្រី Stefanishyna បាននិយាយថា "ការពិភាក្សារឿងមីស៊ីលនៅតែកំពុងបន្ត ហើយអ៊ុយក្រែនមានគណៈប្រតិភូជាច្រើនដែលកំពុងធ្វើការ ដើម្បីបង្កើនធនធានហិរញ្ញវត្ថុ ដើម្បីទទួលបានសមត្ថភាពយោធាបន្ថែមទៀតពីសហរដ្ឋអាមេរិក"។
លោកស្រីសង្កត់ធ្ងន់ថា “មិនត្រឹមតែមីស៊ីល Tomahawk ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រភេទផ្សេងគ្នានៃមីស៊ីលរយៈចម្ងាយឆ្ងាយ និងរយៈចម្ងាយខ្លីជាច្រើន ហើយកិច្ចពិភាក្សាមានភាពវិជ្ជមាន”។
គួរឱ្យដឹងថា មីស៊ីល Tomahawk មានរយៈចម្ងាយដល់ទៅ ២.៥០០គីឡូម៉ែត្រ ដែលឆ្ងាយល្មមអាចបាញ់ចូលជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងទីក្រុងមូស្គូផងដែរ។ អ៊ុយក្រែន បានទទូចសុំមីស៊ីលនេះយូរមកហើយ ប៉ុន្តែវិមានក្រឹមឡាំង តែងព្រមានប្រឆាំងនឹងជំហាននេះ៕