លោក Paul Biya ប្រធានាធិបតីប្រទេសកាមេរូន ដែលជាមេដឹកនាំមានវ័យចំណាស់បំផុតរបស់ពិភពលោក បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិក្នុងទី៨ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា បន្ទាប់ពីការបោះឆ្នោតមានជម្លោះ ដែលបានបង្កឱ្យមានការតវ៉ាដ៏ខ្លាំងក្លា។

នៅក្នុងសុន្ទរកថាចូលកាន់តំណែងរបស់លោក បុរសវ័យ៩២ឆ្នាំរូបនេះបានសន្យាថានឹងស្តារសណ្តាប់ធ្នាប់ឡើងវិញដល់ប្រទេសអាហ្វ្រិកកណ្តាលមួយនេះ ហើយបានស្តីបន្ទោសអ្នកនយោបាយដែលគ្មានការទទួលខុសត្រូវ និងការញុះញង់បង្កឱ្យមានភាពវឹកវរ។
កងកម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិល៤៨នាក់ក្នុងអំឡុងពេលតវ៉ាប្រឆាំងការជាប់ឆ្នោតថ្មីរបស់លោក Biya នេះបើយោងតាមទិន្នន័យពីប្រភពចំនួនពីររបស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយ ឬផ្តល់ការប៉ាន់ស្មានផ្ទាល់ខ្លួនថាមានមនុស្សប៉ុន្មាននាក់បានស្លាប់ ឬរងរបួសក្នុងអំឡុងពេលមានវឹកវរនោះទេ។

លោក Biya ត្រូវបានគេតែងតាំងជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតដោយកម្រិតដ៏ងាយស្រួល កាលពីសប្តាហ៍មុនដោយទទួលបានសំឡេង៥៣,៦៦% ទល់នឹង៣៥,១៩% សម្រាប់មេដឹកនាំបក្សប្រឆាំង លោក Issa Tchiroma Bakary នេះបើយោងតាមលទ្ធផលផ្លូវការ។
អាណត្តិថ្មីរបស់លោក អាចរក្សាលោកឱ្យនៅកាន់តំណែងរហូតដល់លោកមានអាយុជិត១០០ឆ្នាំ។