នៅក្នុងរបាយការណ៍មួយ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (៦ វិច្ឆិកា) — ដែលបានចងក្រងមុនពេលចោរកម្មសារមន្ទីរដ៏គួរឱ្យភ្ញាក់ផ្អើលនៅប្រទេសបារាំង — ក្រុមសវនកររដ្ឋបាននិយាយថា សារមន្ទីរ លូវ៉ា (Louvre) ដ៏ល្បីល្បាញក្នុងទីក្រុងប៉ារីស បានចាប់ផ្តើមសវនកម្មសន្តិសុខកាលពី ១ទសវត្សរ៍មុន ប៉ុន្តែការធ្វើឱ្យប្រសើរឡើងដែលបានណែនាំ អាចនឹងត្រូវបញ្ចប់រួចរាល់នៅឆ្នាំ២០៣២។

ហេតុការណ៍ប្លន់ទាំងកណ្ដាលថ្ងៃ — ដែលក្នុងនោះ ចោរ ៤នាក់ធ្វើសកម្មភាពលួចគ្រឿងអលង្ការមានតម្លៃ ១០២លានដុល្លារ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ — បានបង្កការសង្ស័យអំពីភាពជឿជាក់នៃសារមន្ទីរ ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងពិភពលោក ក្នុងនាមជាអ្នករក្សាទុកស្នាដៃប្រវត្តិសាស្រ្តមានតម្លៃជាច្រើន។ ក្រុមមន្ត្រីទទួលស្គាល់ថា សន្តិសុខនៅសារមន្ទីរលូវ៉ា មិនទាន់ត្រូវតាមស្តង់ដារនោះទេ។
ក្រុមស៊ើបអង្កេត បានចោទប្រកាន់ជនសង្ស័យចំនួន ៤នាក់ពីបទជាប់ពាក់ព័ន្ធនឹងការឆ្មក់ចូលប្លន់ទ្រព្យសម្បត្តិនៅសារមន្ទីរនេះ ប៉ុន្តែវត្ថុដែលមានតម្លៃមហាសាលទាំងនោះ នៅមិនទាន់រកឃើញនៅឡើយ។
របាយការណ៍សវនកម្មបាននិយាយថា មានតែ ៣៩% ប៉ុណ្ណោះនៃបន្ទប់សារមន្ទីរលូវ៉ាដែលមានកាមេរ៉ាសុវត្ថិភាព គិតត្រឹមឆ្នាំ២០២៤ ហើយសវនកម្មសន្តិសុខ ដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៥ បានរកឃើញថា សារមន្ទីរនេះមិនមានការត្រួតពិនិត្យគ្រប់គ្រាន់ ឬការត្រៀមលក្ខណៈសម្រាប់វិបត្តិនោះទេ។ របាយការណ៍បន្ថែមថា "គេនឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីដោះស្រាយបញ្ហាសន្តិសុខនេះ ដែលយោងតាមសារមន្ទីរ ត្រូវរំពឹងថានឹងអាចបញ្ចប់បាននៅឆ្នាំ២០៣២"៕


