លោកស្រី Nancy Pelosi — ដែលជាស្ត្រីដំបូងគេដែលទទួលបានតំណែងប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏មានឥទ្ធិពល — បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ (៦ វិច្ឆិកា) ថា លោកស្រីនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅក្នុងសភា នៅឆ្នាំ២០២៦ទេ ដោយបញ្ចប់អាជីពនយោបាយរយៈពេល ៤ទស្សវត្សរ៍ នៃនិមិត្តរូបសិទ្ធិនារីក្នុងគណបក្សប្រជាធិបតេយ្យ។

លោកស្រី Pelosi វ័យ ៨៥ឆ្នាំ ដែលបានជាប់ឆ្នោតជាសមាជិកសភាលើកដំបូងក្នុងឆ្នាំ១៩៨៧ បាននិយាយក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ លោកស្រីនឹងមិនចូលរួមការបោះឆ្នោតឡើងវិញក្នុងសភាទេ ហើយលោកស្រីនឹងប្រឹងប្រែងក្នុងឆ្នាំចុងក្រោយនៃការងាររបស់ខ្លួន។
លោកស្រី Pelosi បាននាំមុខគេក្នុងការកិច្ចប្រឹងប្រែងគ្រប់គ្រងសភាអាមេរិក និងជាពិសេស ការទប់ទល់លោកប្រធានាធិបតី Donald Trump មកពីបក្សសាធារណរដ្ឋ ដែលមានភាពរកាំរកូសជាមួយគ្នាក្នុងអាណត្តិប្រធានាធិបតីដំបូងរបស់លោក ពីឆ្នាំ២០១៧-២០២១។ លោក Trump មិនបានបង្ហាញសញ្ញានៃការបន្ទន់វោហាសាស្ត្ររបស់លោកឡើយ បន្ទាប់ពីការប្រកាសចូលនវត្តន៍របស់លោកស្រី Pelosi ។
នៅក្នុងសុន្ទរកថានៅសេតវិមាន លោក Trump បានលើកឡើងថា "លោកគិតថា លោកស្រី Pelosi ជាបន្ទុករបស់ប្រទេស និងជាបុគ្គលមិនល្អទេ ដែលធ្វើការងារមិនកើតសោះនៅទូទាំងប្រទេស បង្កការខូចខាត និងប៉ះពាល់កេរ្តិ៍ឈ្មោះជាច្រើន៕

