អាហ្វ្រិកខាងត្បូង៖ ប្រធានអង្គការសុខភាពពិភពលោក ដែលបានមកធ្វើទស្សនកិច្ចកាលពីថ្ងៃសុក្រនិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងការផលិតវ៉ាក់សាំង គឺជាគន្លឹះក្នុងការជួយទ្វីបអាហ្វ្រិកឱ្យកាន់តែមានការគ្រប់គ្រាន់ដោយខ្លួនឯង ក្នុងការផ្តល់វ៉ាក់សាំងដើម្បីប្រយុទ្ធប្រឆាំងវីរុស COVID-19 និងជំងឺជាច្រើនទៀត។
លោកវេជ្ជបណ្ឌិត Tedros Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានធ្វើទស្សនកិច្ចនៅទីក្រុង Cape Town ដើម្បីពិនិត្យមើលទីតាំងចំនួនបីដែលនឹងចាប់ផ្តើមការងារដើម្បីផលិតវ៉ាក់សាំង។ លោក Tedros បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកបច្ចុប្បន្ននេះបានចាក់វ៉ាក់សាំងពេញលេញ ខណៈ ៨៤% នៃចំនួនប្រជាជននៅទ្វីបអាហ្វ្រិកនៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូម្បីតែដូសទី១។ លោក Tedros និយាយថា មានតម្រូវការបន្ទាន់ដើម្បីបង្កើនការផលិតវ៉ាក់សាំងក្នុងស្រុក នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ លោកមានផែនការពិនិត្យមើលមន្ទីរពិសោធន៍ Afrigen ឧបត្ថមគាំទ្រពី អង្គការសុខភាពពិភពលោកសម្រាប់ការផលិតវ៉ាក់សាំង COVID-19 ដំបូង។
មន្ទីរពិសោធន៍កំពុងចម្លងវ៉ាក់សាំង Moderna ដោយប្រើប្រាស់បច្ចេកវិទ្យាវ៉ាក់សាំង mRNA។ មន្ទីរពិសោធន៍ Afrigen មានការគាំទ្រពីអង្គការសុខភាពពិភពលោក និងដៃគូមួយចំនួនទៀត រួមទាំងរដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូង បារាំង និងបែលហ្ស៊ិក។ លោក Tedros និយាយថា វាត្រូវបានគេរំពឹងថា ការសាកល្បងព្យាបាលសម្រាប់ជម្រើសវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយមន្ទីរពិសោធន៍ Afrigen នឹងចាប់ផ្តើមនៅឆ្នាំ២០២២ នេះ ហើយសង្ឃឹមថា ការអនុម័តសម្រាប់ការប្រើប្រាស់របស់វានឹងត្រូវបានផ្តល់ឱ្យនៅឆ្នាំ២០២៤៕
អត្ថបទ៖ ប៊ុនថន