ក្រុមសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ មានការជឿទុកចិត្ត និងបន្តគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីផ្តល់ជាកម្លាំងចិត្ត ក៏ដូចជាជួយកាត់បន្ថយថ្លៃដើមផលិតឱ្យមកនៅទាប ដើម្បីធ្វើឱ្យតម្លៃទំនិញដែលដាក់លក់លើទីផ្សារកាន់តែធូរថ្លៃជាងមុនផងដែរ។
នៅក្នុងបទសម្ភាសន៍ជាមួយ លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យម កាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៥នេះ លោកបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ការគាំទ្រផលិតផលក្នុងស្រុក គឺជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានជូនទៅដល់ម្ចាស់សហគ្រាស សិប្បកម្ម និងផលិតករក្នុងស្រុក ពីព្រោះដើម្បីបង្កើននូវការផ្គត់ផ្គង់ផលិតផល ដែលមានគុណភាព ក៏ដូចជាបរិមាណ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ ជាពិសេស គឺបង្កើនការប្រើប្រាស់វត្ថុធាតុដើម ធាតុផ្សំ និងសម្ភារក្នុងស្រុក សម្រាប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីគាំទ្រជាចរន្តផ្សេងៗទៀតនៃការផលិតក្នុងស្រុក។
លោក ឈុន វីរៈ ម្ចាស់សហគ្រាសផលិតផលជ្រុញប្រណិតខ្មែរម៉ៃសាក់ បានលើកឡើងថា រហូតមកដល់ពេលនេះ ផលិតផលខ្មែរច្រើនណាស់បានកំពុងផលិត និងដាក់លក់លើទីផ្សារ ជាពិសេសតម្លៃដែលដាក់លក់គឺមានការថយចុះជាងមុន ដោយសារមានការចូលរួមគាំទ្រពីអ្នកប្រើប្រាស់។ លោកបានពន្យល់ថា ជាធម្មតា កាលណាមានអ្នកគាំទ្រច្រើន ការផលិតច្រើន ថ្លៃដើមផលិតក៏ទាបទៅតាមនឹងដូចគ្នា ដែលធ្វើការផលិតដាក់តាំងលក់ ក៏មានតម្លៃធូរជាងមុនផងដែរ។
ក្រុមអាជីករផ្សេងទៀត បាននិយាយស្រដៀងគ្នាថា ពិតជាមានការសប្បាយចិត្តណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ។ ពួកគាត់ បានសំណូមពរបន្ថែមថា សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិតផលក្នុងស្រុកឲ្យបានច្រើនជាងផលិតផលដែលនាំចូល ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយកុំឲ្យប្រជាជនចំណាកស្រុកជាដើម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានមើលឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផលជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី








