ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពនានាថា អាជ្ញាធរទួរគី មិនមានគម្រោងបោះបង់ចោលទាំងស្រុងនូវប្រព័ន្ធការពារមីស៊ីល S-400 ដែលផលិតនៅរុស្ស៊ី ដូចដែលរដ្ឋបាល អាមេរិក បានស្នើសុំនោះទេ។

យោងតាមសារព័ត៌មាននេះ អាជ្ញាធរទួរគី មានឆន្ទៈក្នុងការសម្របសម្រួលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធទាំងនេះ នាពេលអនាគត។ ទួរគីបានបដិសេធការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធការពារមីស៊ីល ដែលផលិតនៅរុស្ស៊ីទាំងស្រុង។ ផ្ទុយទៅវិញ ទួរគីបានស្នើឲ្យបង្កើត «យន្តការយោធារួមគ្នា» ដើម្បីត្រួតពិនិត្យការប្រើប្រាស់របស់ពួកគេ។

នៅឆ្នាំ ២០១៧ ទួរគីបានទិញប្រព័ន្ធការពារមីស៊ីល S-400 ចំនួន ៤ ពីប្រទេសរុស្ស៊ី ក្នុងតម្លៃ២,៥ ពាន់លានដុល្លារ។ នៅខែតុលា ឆ្នាំ ២០១៩ ក្រុមហ៊ុននាំចេញអាវុធរបស់រុស្ស៊ី Rosoboronexport (ជាផ្នែកមួយនៃក្រុមហ៊ុនរដ្ឋ Rostec) បានបញ្ជាក់ថា កិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធទាំងនេះ ត្រូវបានបញ្ចប់។ បន្ទាប់ពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស S-400នេះ ប្រទេសទួរគី ត្រូវបានដកចេញពីកម្មវិធីយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក៕