សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan និយាយថា ការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់បណ្តាប្រទេសនៅប៉ែកខាងកើតគឺជាការដាក់ពង្រាយការពារ ដោយគូសបញ្ជាក់កងទ័ពទាំងនេះនឹងមិនធ្វើសង្គ្រាមជាមួយប្រទេសរុស្ស៊ីនោះទេ។

លោក Sullivan បានធ្វើអត្ថាធិប្បាយមុនពេលមន្ត្រីមន្ទីរបញ្ចកោណបាននិយាយថា ក្រសួងការពារជាតិកំពុងបញ្ជូនទាហានប្រយុទ្ធចំនួន ៣.០០០នាក់ផ្សេងទៀតទៅកាន់ប្រទេសប៉ូឡូញ ដើម្បីចូលរួមជាមួយកងទ័ព ១៧០០នាក់ដែលកំពុងតែដាក់ពង្រាយនៅទីនោះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្ត NATO ដែលព្រួយបារម្ភចំពោះអនាគតប្រទេសរុស្ស៊ីឈ្លានពានលើប្រទេសអ៊ុយក្រែន។ មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់និយាយថា ទាហានបន្ថែមនឹងចាកចេញពីមូលដ្ឋាន Fort Bragg រដ្ឋ North Carolina ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ ហើយនឹងទៅដល់ប្រទេសប៉ូឡូញនៅដើមសប្តាហ៍ក្រោយ។
លោក Sullivan បានបង្ហាញក្នុងរបាយការណ៍ដល់សារព័ត៌មានថា ប្រធានាធិបតីលោក Joe Biden ពិតជាជឿថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការសម្រេចចិត្តចុងក្រោយក្នុងការឈ្លានពានអ៊ុយក្រែន។ សេតវិមាននិយាយថា ការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនអាចកើតមានឡើងនៅថ្ងៃណាមួយ ប្រហែលជាក្នុងរយៈពេលពីរថ្ងៃខាងមុខមុនពេលបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ហើយកំពុងជំរុញឱ្យប្រជាជនអាមេរិកចាកចេញពីប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន