កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់(UNIFIL)កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារតាមអាកាសជាបន្ទាន់ នៅភាគខាងត្បូងប្រទេសលីបង់ និងបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ឲ្យបង្ហាញការអត់ធ្មត់ ដើម្បីទប់ស្កាត់ការកើនឡើងកាន់តែទូលំទូលាយ។

បេសកកម្មរក្សាសន្តិភាព បាននិយាយថា កងទ័ពរបស់ខ្លួន បានសង្កេតឃើញការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលជាច្រើនលើក នៅក្នុងទីក្រុងភាគខាងត្បូងគឺ ទីក្រុងTayr Dibbah, Taibe និង Ayta Al-Jabal ដែលជាតំបន់ស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់UNIFIL។

មនុស្សម្នាក់ ត្រូវបានសម្លាប់ និង ៨នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លានេះ។
អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារតាមអាកាស បានកំណត់គោលដៅទៅលើទីតាំង និងឃ្លាំងសម្ភារៈយោធារបស់ក្រុមហេសបូឡា បង្ហាញពីការកើនឡើងនៃការវាយប្រហារស្ទើរតែរាល់ថ្ងៃ ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ។
UNIFIL បាននិយាយថា៖«ការវាយប្រហារតាមអាកាសទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់លើសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ» ដោយសំដៅទៅលើសេចក្តីសម្រេចឆ្នាំ ២០០៦ ដែលបានបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា៕