អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) រុស្ស៊ី ចិន និងអ៊ីតាលី បានថ្កោលទោសកងកម្លាំងអ៊ីស្រាអែលចំពោះការវាយប្រហារលើអង្គភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ប្រភពមួយរបស់អង្គការសហប្រជាជាតិ កងកម្លាំងអ៊ីស្រាអែល បានបាញ់ទៅលើប៉ុស្តិ៍សង្កេតការណ៍មួយ ដែលប្រើប្រាស់ដោយកងកម្លាំងរក្សាសន្តិភាពរបស់UN នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសុក្រ ដោយបានបង្កឲ្យមនុស្សពីរនាក់ រងរបួស រយៈពេលបីថ្ងៃជាប់ៗគ្នាដែលកងកម្លាំងរក្សាសន្តិភាព បានរាយការណ៍អំពីការបាញ់ប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងរបស់ពួកគេ ខណៈដែលប្រទេសនេះ ធ្វើសង្គ្រាមប្រឆាំងក្រុមហេសបូឡា។
ក្រសួងការពារជាតិអេស្ប៉ាញ បាននិយាយកាលពីថ្ងៃសុក្រថា គ្មានទាហានអេស្ប៉ាញណាម្នាក់ដែលជាផ្នែកមួយនៃបេសកកម្ម ត្រូវបានវាយប្រហារនោះទេ។
អេស្ប៉ាញបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពចំនួន ៦៥០នាក់ នៅលីបង់ ហើយឧត្តមសេនីយ៍អេស្ប៉ាញម្នាក់ដឹកនាំបេសកកម្មនេះ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Sanchez ដែលប្រទេសរបស់លោក បានរិះគន់អ៊ីស្រាអែលចំពោះការធ្វើឲ្យជម្លោះនៅមជ្ឈិមបូព៌ាថ្មីៗនេះកាន់តែកើនឡើងខ្លាំង បាននិយាយបន្ទាប់ពីជួបជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស នៅឯបុរីវ៉ាទីកង់ថា៖«សូមឲ្យខ្ញុំរិះគន់ និងថ្កោលទោសចំពោះការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល ទៅលើបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅលីបង់ នៅពេលនេះ»។
លោក Sanchez បាននិយាយថា ប្រទេសអេស្ប៉ាញ បានឈប់លក់អាវុធទៅឲ្យអ៊ីស្រាអែល នៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយបានជំរុញឲ្យប្រទេសផ្សេងទៀតនៅក្នុងពិភពលោកធ្វើដូចគ្នា ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត នៅក្នុងតំបន់៕