សារព័ត៌មាន Newsweek បានរាយការណ៍ដោយដកស្រង់សម្តីតំណាងរបស់ក្រសួងការបរទេសថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រៀមរួចជាស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលនីហ្សេរីយ៉ា ដើម្បីការពារគ្រិស្តបរិស័ទ និងធានាសន្តិសុខ នៅក្នុងតំបន់អាហ្វ្រិកខាងលិច។

មន្ត្រីរូបនោះ បាននិយាយថា៖«យើងលើកទឹកចិត្តរដ្ឋាភិបាលនីហ្សេរីយ៉ា ឲ្យធ្វើការបន្ថែមទៀត ដើម្បីការពារគ្រិស្តបរិស័ទដែលងាយរងគ្រោះ»។ «យើងទន្ទឹងរង់ចាំបន្តការចូលរួមរបស់យើងជាមួយរដ្ឋាភិបាលនីហ្សេរីយ៉ា ខណៈពេលដែលយើងធ្វើការ ដើម្បីដោះស្រាយអាទិភាពសន្តិសុខរួម និងជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

នាពេលថ្មីៗនេះ កាសែត The New York Times បានដកស្រង់ប្រភពព័ត៌មានដែលនិយាយថា បញ្ជាការកងកម្លាំងប្រដាប់អាវុធអាមេរិកនៅអាហ្វ្រិក (AFRICOM) បានរៀបចំផែនការប្រយុទ្ធចំនួនបី ក្នុងនាមមន្ទីរបញ្ចកោណប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឥស្លាម នៅក្នុងប្រទេសនីហ្សេរីយ៉ា។ ផែនការទាំងនេះ ត្រូវបាន សន្មតថា សហរដ្ឋអាមេរិក អាចផ្តល់ការគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលនីហ្សេរីយ៉ា ដោយមិនចាំបាច់មានការចូលរួមដោយផ្ទាល់ពីកងទ័ពអាមេរិក ទាំងបើកការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងទីតាំងឥស្លាម ឬដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះជាមួយយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក នៅឈូងសមុទ្រហ្គីណេ។
កាលពីថ្ងៃទី ០១ ខែវិច្ឆិកា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកបានណែនាំមន្ទីរបញ្ចកោណឲ្យរៀបចំវិធានការយោធាដែលអាចធ្វើទៅបានប្រឆាំងនឹង «ក្រុមភេរវករឥស្លាម» នៅក្នុងប្រទេសនីហ្សេរីយ៉ា ដើម្បីការពារគ្រិស្តបរិស័ទ៕