អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៦ វិច្ឆិកា) ថា សម្ព័ន្ធយោធាលោកខាងលិចមួយនេះ បានបិទគម្លាតដ៏យូរអង្វែងជាមួយរុស្ស៊ី ក្នុងការផលិតគ្រាប់រំសេវ ដោយសង្កត់ធ្ងន់ថា ឥឡូវនេះ ណាតូកំពុងផលិតបានច្រើនជាងអ្វីដែលធ្លាប់បានធ្វើ "ក្នុងពេលជាច្រើនទសវត្សរ៍"។

ថ្លែងក្នុងវេទិកាឧស្សាហកម្មណាតូ លោក Rutte បាននិយាយថា “រហូតមកដល់ពេលថ្មីៗនេះ រុស្ស៊ី ធ្លាប់ផលិតគ្រាប់រំសេវច្រើនជាងសម្ព័ន្ធយោធាណាតូទាំងអស់រួមបញ្ចូលគ្នា” ប៉ុន្តែបច្ចុប្បន្ន រឿងនេះមិនមែនជាការពិតទៀតទេ ព្រោះឧស្សាហកម្មការពារជាតិលោកខាងលិច បានបង្កើនទិន្នផលយ៉ាងច្រើន។
លោកបន្តថា៖ នៅទូទាំងសម្ព័ន្ធយោធា សមាជិកកំពុងបើកខ្សែច្រវាក់ផលិតកម្មថ្មីរាប់សិបកន្លែង និងពង្រីកផលិតកម្មដែលមានស្រាប់ ហើយកំពុងធ្វើបានច្រើនជាងអ្វីដែលណាតូធ្លាប់បានធ្វើ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប្រធានអង្គការណាតូរូបនេះ គូសបញ្ជាក់ថា ឧស្សាហកម្មការពារជាតិដ៏រឹងមាំគឺចាំបាច់ណាស់សម្រាប់សម្ព័ន្ធយោធាដ៏ខ្លាំងក្លាមួយ ហើយការសម្រេចចិត្តរបស់មេដឹកនាំណាតូ ក្នុងកិច្ចប្រជុំកំពូលខែកក្កដា កន្លងទៅ ជុំវិញការបង្កើនចំណាយលើវិស័យការពារជាតិដល់ ៥% នៃ GDP ត្រឹមឆ្នាំ២០៣៥ កំពុងតែជំរុញយ៉ាងសំខាន់ក្នុងសមត្ថភាពលទ្ធកម្ម រាប់ចាប់ពីយន្តហោះចម្បាំង និងរថក្រោះ រហូតដល់យានដ្រូន គ្រាប់រំសេវ ប្រព័ន្ធអ៊ីនធឺណិត និងទ្រព្យសម្បត្តិអវកាសជាដើម៕

