ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អះអាងថា ការនាំចេញប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះដោយសារទណ្ឌកម្ម។
នៅពេលសួរថាតើការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក បានប៉ះពាល់ដល់ការនាំចេញប្រេងរបស់រុស្ស៊ីបែបណាលោកបានចង្អុលបង្ហាញនៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអាស៊ីកណ្តាលចំនួន ៥ថា៖«ខ្ញុំអាចនិយាយបានថា ការនាំចេញពីប្រទេសរុស្ស៊ី ធ្លាក់ចុះយ៉ាងខ្លាំង»។

លោកប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន បានប្រឹងប្រែងដោះស្រាយជម្លោះអ៊ុយក្រែន។ លោក ត្រាំ បានកត់សម្គាល់ដោយសំដៅទៅលើអាជ្ញាធររុស្ស៊ីថា៖«យើងគិតថា នៅចំណុចណាមួយពួកគេ នឹងកាន់តែឆ្លាតវ័យ ហើយពួកគេនឹងធ្វើកិច្ចការនោះ»។ លោកបានបន្ថែមដោយមិនផ្តល់ប្រភពសម្រាប់ព័ត៌មានថា៖«ការនាំចេញរបស់រុស្ស៊ី ធ្លាក់ចុះគួរឲ្យកត់សម្គាល់»។
នៅចុងខែតុលា ក្រសួងរតនាគារអាមេរិក បានដាក់ក្រុមហ៊ុនប្រេងយក្ស Rosneft និង Lukoil របស់រុស្ស៊ីក្នុងបញ្ជីខ្មៅ រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣៤ របស់ពួកគេ។ អ្នកពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា ការរឹតបន្តឹង នឹងដាក់សម្ពាធយ៉ាងសំខាន់លើទីក្រុងមូស្គូទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានចង្អុលបង្ហាញថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក នឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេហទេ ប៉ុន្តែនឹងធ្វើឲ្យខូចទំនាក់ទំនងទ្វេភាគី៕
