ក្រសួងការពារជាតិរុស្ស៊ី បានអំពាវនាវឲ្យកងទ័ពអ៊ុយក្រែន ក្នុងសមរភូមិជួរមុខដែលកំពុងចាញ់ប្រៀប នៅទីក្រុង Pokrovsk ឲ្យព្រមចុះចាញ់ ខណៈដែលកងកម្លាំងរុស្ស៊ី បានបង្កើនការឡោមព័ទ្ធមជ្ឈមណ្ឌលយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងតំបន់ Donetsk នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ក្រសួងបានឲ្យដឹងថា កងទ័ពអ៊ុយក្រែននៅសល់ដែលកំពុងការពារទីក្រុងនោះ ត្រូវបានជាប់នៅក្នុង «តំបន់រួញតូចទៅៗ» និងរង «បរាជ័យយ៉ាងធ្ងន់ធ្ងរ» ខណៈដែលកងកម្លាំងរុស្ស៊ីរុលទៅមុខ ដោយបន្ថែមថា ការបាញ់ផ្លោងរបស់រុស្ស៊ី បានធ្វើឲ្យ «ទាហានអ៊ុយក្រែនគ្មានឱកាសរួចជីវិតបានឡើយ លើកលែងតែព្រមចុះចាញ់ដោយស្ម័គ្រចិត្តប៉ុណ្ណោះ»។
យ៉ាងណាក្ដី ភាគីទាំង ២ បានចេញសេចក្តីថ្លែងការណ៍ផ្ទុយគ្នា អំពីតុល្យភាពនៃការគ្រប់គ្រងនៅទីក្រុងនេះ ជាទីដែលការប្រយុទ្ធគ្នាបានចាប់ផ្ដើមខ្លាំងឡើងៗ តាំងពីចុងខែតុលា។ កាលពីសប្តាហ៍មុន អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) លោក Oleksandr Syrskyi បានទទួលស្គាល់ពីស្ថានភាព «លំបាក» ដែលកងទ័ពអ៊ុយក្រែនប្រឈមជាមួយ នៅទីក្រុង Pokrovsk ប៉ុន្តែបានបដិសេធការអះអាងរបស់រុស្ស៊ី ដែលថា ពួកគេត្រូវបានឡោមព័ទ្ធ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធ (ទី៥ ខែវិច្ឆិកា) បានចោទប្រកាន់ទីក្រុងគីវថា បានលាក់បាំង «ស្ថានភាពអាក្រក់» ដែលកងទ័ពរបស់ខ្លួន បានជួបប្រទះនៅទីក្រុង Pokrovsk ដោយកត់សម្គាល់ថា ទីក្រុងមូស្គូបានដាក់ពង្រាយកងទ័ពបន្ថែមចំនួន ១១.០០០នាក់ ដើម្បីដណ្តើមកាន់កាប់ទីក្រុងនេះ។
នៅថ្ងៃពុធនោះដែរ វីដេអូដែលត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធឺណិត បានបង្ហាញឲ្យឃើញយុទ្ធជនមកពីកងវរសេនាធំវាយលុកទី៤២៥ របស់អ៊ុយក្រែន កំពុងលើកទង់ជាតិអ៊ុយក្រែន នៅលើអគារក្រុមប្រឹក្សាក្រុង Pokrovsk ខណៈដែលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ អគ្គសេនាធិការរបស់ AFU បានបញ្ជាក់ថា កងទ័ពរបស់ខ្លួន បានវាយរុញច្រាននូវការវាយប្រហាររបស់រុស្ស៊ីចំនួន ១០០លើក ក្នុងរយៈពេលតែមួយថ្ងៃកន្លងមក៕

