ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) បានវាយប្រហារលើទូកត្រូវបានចោទជួញដូរគ្រឿងញៀន ១គ្រឿងទៀត នៅសមុទ្រការ៉ាអ៊ីព ដោយបានសម្លាប់មនុស្ស ៣នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់ទីក្រុងវ៉ាស៊ីនតោនឡើងដល់យ៉ាងហោចណាស់ ៧០នាក់។
សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការវាយប្រហារបែបនេះ កាលពីដើមខែកញ្ញា ជាអ្វីដែលអ្នកជំនាញលើកឡើងថា ស្មើនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ បើទោះបីជាការវាយប្រហារទាំងនោះកំណត់គោលដៅលើអ្នកជួញដូរដែលគេដឹងច្បាស់ក៏ដោយ ដោយមានយុទ្ធនាការផ្តោតលើនាវា នៅសមុទ្រការីអ៊ីព និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត។

បន្ទាប់ពីបានចាប់ផ្ដើមរហូតមកទល់ពេលនេះ ការវាយប្រហាររបស់អាមេរិក បានបំផ្លាញយ៉ាងហោចណាស់នាវាចំនួន ១៨គ្រឿង ដោយមានទូក ១៧គ្រឿង និងនាវាផ្ទេរទំនិញ ១គ្រឿង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនទាន់បង្ហាញជាសាធារណៈនូវភស្តុតាងជាក់ស្តែងណាមួយ ដែលថា គោលដៅរបស់ខ្លួន កំពុងរត់ពន្ធគ្រឿងញៀន ឬបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះឡើយ។
លោក Hegseth បានចេញផ្សាយវីដេអូថតពីលើអាកាស នៅលើបណ្ដាញសង្គម X ជុំវិញការវាយប្រហារចុងក្រោយបង្អស់នេះ ដែលលោកបានប្រាប់ថា បានកើតឡើងនៅក្នុងដែនទឹកអន្តរជាតិ ដូចការវាយប្រហារមុនៗ ហើយបានកំណត់គោលដៅលើ «នាវាដែលដំណើរការដោយអង្គការដែលត្រូវបានកំណត់ថា ជាក្រុមភេរវករ»។
ដោយមិនមានព័ត៌មានបញ្ជាក់បន្ថែមណាមួយនោះ លោក Hegseth បានបន្ថែមថា៖ «ភេរវករជួញដូរគ្រឿងញៀនជាបុរស ៣នាក់ ដែលជិះនៅលើនាវានោះ ត្រូវបានសម្លាប់»៕

