ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) បានចាត់ទុកធនធានរ៉ែសំខាន់ៗជាអាទិភាពចម្បងមួយ ខណៈដែលលោកធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍បណ្ដាមេដឹកនាំនៃប្រទេសអាស៊ីកណ្តាលចំនួន ៥ នៅសេតវិមាន ដោយសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងនៃរដ្ឋបាលរបស់លោកក្នុងការពង្រីក និងធានាខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកតាមរយៈកិច្ចព្រមព្រៀងសកលថ្មី។

ជំនួបជាមួយមេដឹកនាំនៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន បានកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់សម្បូរធនធានដែលគ្រប់គ្រងដោយរុស្ស៊ីជាយូរមកហើយ និងត្រូវបានតាមបញ្ចុះបញ្ចូលដោយប្រទេសចិន។
លោក Trump បានហៅអាស៊ីកណ្តាលថា ជា «តំបន់ដែលសម្បូរធនធានច្រើនមហាសាល» ដោយបញ្ជាក់ថា លោកចង់ធ្វើឲ្យភាពជាដៃគូរបស់សហរដ្ឋអាមេរិកជាមួយប្រទេសទាំង ៥នេះ កាន់តែរឹងមាំខ្លាំងឡើងៗ។ ហើយលោក Trump បានសង្កត់ធ្ងន់ថា «ធាតុដ៏សំខាន់មួយ ក្នុងចំណោមធាតុសំខាន់ដទៃៗ នៅក្នុងរបៀបវារៈរបស់យើង គឺធនធានរ៉ែសំខាន់ៗ»។
គួរបញ្ជាក់ថា កិច្ចពិភាក្សានេះបានធ្វើឡើងចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ សម្រាប់ធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមប្រទេស នៅតំបន់អាស៊ីកណ្តាល ដែលរួមមានអ៊ុយរ៉ានីញ៉ូម ទង់ដែង មាស និងរ៉ែកម្រ ខណៈដែលប្រទេសលោកខាងលិចប្ដូរការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ចេញពីទីក្រុងមូស្គូ និងប៉េកាំង៕
