សេតវិមានបានជូនដំណឹងដល់ភ្នាក់ងារសហព័ន្ធផ្សេងទៀតថា ខ្លួននឹងមិនអនុញ្ញាតឲ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ជំនាន់ចុងក្រោយបង្អស់ទៅប្រទេសចិននោះឡើយ។ នេះបើយោងតាមសារព័ត៌មាន The Information ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) ដោយដកស្រង់សម្ដីពីបុគ្គល ៣នាក់ដែលដឹងពីបញ្ហានេះ។
បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាននេះ បានឲ្យដឹងថា ក្រុមហ៊ុន Nvidia បានផ្តល់គំរូបន្ទះឈីបមួយចំនួនដល់អតិថិជនចិនរបស់ខ្លួន។ របាយការណ៍បានបន្ថែមថា បន្ទះឈីបដែលត្រូវបានគេស្គាល់ថា B30A អាចត្រូវបានប្រើប្រាស់ ដើម្បីបណ្តុះបណ្តាលគំរូភាសាធំ នៅពេលដែលរៀបចំបញ្ចូលរួមគ្នាយ៉ាងមានប្រសិទ្ធភាពនៅក្នុងចង្កោមប្រព័ន្ធធំ ជាសមត្ថភាពដែលក្រុមហ៊ុនចិនជាច្រើនត្រូវការ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Nvidia បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនគ្មាន «ចំណែកភាគហ៊ុន នៅក្នុងទីផ្សារប្រកួតប្រជែងខ្ពស់របស់ប្រទេសចិន សម្រាប់ប្រព័ន្ធកុំព្យួទ័រមជ្ឈមណ្ឌលទិន្នន័យ ហើយមិនបានបញ្ចូលវាទៅក្នុងគម្រោងចំណូលរបស់យើងឡើយ»។ សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។
តែយ៉ាងណាក្ដី របាយការណ៍របស់សារព័ត៌មាន The Information ដោយដកស្រង់បុគ្គលិកក្រុមហ៊ុន ២រូប បានឲ្យដឹងបន្ថែមថា ក្រុមហ៊ុន Nvidia កំពុងធ្វើការលើការកែប្រែការរចនារបស់បន្ទះឈីប B30A ដោយសង្ឃឹមថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញនូវគោលជំហររបស់ខ្លួន៕
