កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) សមាជិកសភាប៉េរូ បានឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិកមិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសនេះនោះទេ ដោយធ្វើឲ្យជម្លោះការទូតកាន់តែឡើងកម្ដៅខ្លាំងទៅៗ។
សភារបស់ប្រទេសប៉េរូបានបោះឆ្នោតគាំទ្រ ដើម្បីប្រកាសថា ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ជា «ជនមិនត្រូវបានស្វាគមន៍» ពោលគឺត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានផ្តាច់ទំនាក់ទំនងការទូតជាមួយម៉ិកស៊ិក ដោយសារការផ្តល់សិទ្ធិជ្រកកោនដល់ លោកស្រី Betssy Chavez ជានាយករដ្ឋមន្ត្រីចុងក្រោយរបស់អតីតប្រធានាធិបតីធប៉េរូ គឺលោក Pedro Castillo ដែលត្រូវបានទម្លាក់ចេញពីតំណែង ហើយឥឡូវនេះ កំពុងជាប់ពន្ធនាគារ។

រដ្ឋាភិបាលម៉ិកស៊ិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានច្រានចោលការប្រកាសនេះ ហើយបានផ្តល់សិទ្ធិជ្រកកោនដល់លោកស្រី Chavez ដោយគោរពយ៉ាងតឹងរ៉ឹងតាមច្បាប់អន្តរជាតិ ហើយបានច្រានចោលការចោទប្រកាន់របស់ប៉េរូ ដែលថា ខ្លួនបង្កើតនូវ «វិធានការមិនជាមិត្ត»។
រដ្ឋមន្ត្រីការបរទេសប៉េរូ លោក Hugo de Zela បានប្រាប់សារព័ត៌មាន Reuters ថា អ្នកជំនាញផ្នែកច្បាប់កំពុងពិនិត្យឡើងវិញជាបន្ទាន់នូវ «អនុសញ្ញាការ៉ាកាសឆ្នាំ១៩៥៤» (1954 Caracas Convention) ដែលម៉ិកស៊ិកបានប្រើប្រាស់វដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការផ្ដល់សិទ្ធិជ្រកកោន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែមានភាពតានតឹង ចាប់តាំងពីម៉ិកស៊ិក បានផ្តល់សិទ្ធិជ្រកកោនដល់ភរិយា និងកូនរបស់លោក Castillo ក្រោយអតីតមេដឹកនាំរូបនោះត្រូវបានចាប់ខ្លួន៕
