កងទ័ពប្រទេសស៊ុយអែត បានហ្វឹកហាត់ជាមួយយានរថពាសដែករបស់ពួកគេនៅភាគខាងត្បូងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ជាផ្នែកមួយនៃសមយុទ្ធក្នុងគោលបំណងត្រៀមសម្រាប់ការដាក់ពង្រាយកងទ័ពរបស់សម្ព័ន្ធយោធាណាតូទៅកាន់ប្រទេសឡាតវី នៅក្នុងខែមករា។

ទាហាន បានអនុវត្តការវាយប្រហារដោយប្រើយានរថពាសដែកនៅតំបន់ព្រៃ ដោយបើកការបាញ់ប្រហារ និងចាប់ផ្តើមធ្វើប្រតិបត្តិការចុះពីលើយានប្រយុទ្ធរបស់ខ្លួន ជាផ្នែកនៃសមយុទ្ធ ដែលមានរយៈពេលជាងមួយសប្តាហ៍។
ទាហានអាជីពប្រមាណ៥០០នាក់ នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសឡាតវី ក្នុងខែមករា ឆ្នាំ២០២៦ ដើម្បីចូលរួមជាមួយកងកម្លាំងទ័ពជើងគោករបស់សម្ព័ន្ធយោធាណាតូជាលើកទីពីរ។
ប្រទេសស៊ុយអែត បានចូលរួមជាមួយសម្ព័ន្ធយោធាណាតូក្នុងខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបានបង្ខំឱ្យប្រទេសនេះគិតឡើងវិញពីគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន។
