អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាប្រចាំថា ការទាមទាររបស់សហរដ្ឋអាមេរិកឲ្យប្រទេសចិនចូលរួមក្នុងការចរចាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ គឺមិនសមហេតុផល និងមិនអាចអនុវត្ត បាននៅដំណាក់កាលនេះទេ។
លោកស្រីបាននិយាយថា៖«សមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសចិន មិនអាចប្រៀបធៀបទៅនឹងសមត្ថភាពរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីបានទេ ហើយការទាមទារឲ្យចិនចូលរួមក្នុងការចរចាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ នៅដំណាក់កាលនេះ គឺគ្មានភាពយុត្តិធម៌ មិនសមហេតុផល និងមិនអាចអនុវត្តបានទេ»។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានចង្អុលបង្ហាញថា សហរដ្ឋអាមេរិក ដែលមានកងកម្លាំងនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោក គួរតែបំពេញកាតព្វកិច្ចរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយស្មោះត្រង់ និងចាត់វិធានការ ដើម្បីកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរជាសកល និងពេញលេញ។
ក្នុងអំឡុងពេលជួបជាមួយមេដឹកនាំនៃសាធារណរដ្ឋអាស៊ីកណ្តាលចំនួន ៥ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងជំនឿរបស់លោកថា រុស្ស៊ី ចិន និងសហរដ្ឋអាមេរិក មានសមត្ថភាពឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ លោកបានពិពណ៌នាអំពីការរំសាយអាវុធនុយក្លេអ៊ែរថា ជារឿងដ៏ល្អឥតខ្ចោះ ហើយបានបញ្ជាក់ថា លោកបានពិភាក្សារឿងនេះ ជាមួយមេដឹកនាំរុស្ស៊ី និងចិន៕
