ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានបារាំង នៅកម្ពុជា ផ្តោតលើសកម្មភាពវប្បធម៌សិល្បៈ និងការអប់រំ រយៈពេលយូរអង្វែង។
កិច្ចព្រមព្រៀងខាងលើនេះ ធ្វើឡើងរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(URBA) តំណាងដោយសាកលវិទ្យាធិការឯកឧត្តម បណ្ឌិត ហេង សុផាឌី និងវិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) តំណាងដោយនាយកវិទ្យាស្ថាន លោក គ្រីស្តូហ្វ៍ ហ្សីហ្គូដូត៍, ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, នាល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
កិច្ចព្រមព្រៀងនេះ កំណត់លក្ខខណ្ឌនៃកិច្ចសហប្រតិបតិ្តការដែលបានព្រមព្រៀងដោយហត្ថលេខី ដើម្បីអភិវឌ្ឍន៍សកម្មភាពរួមគ្នាក្នុងក្របខ័ណ្ឌនៃបេសកកម្មរៀងៗខ្លួន។ ក្នុងគោលបំណងជាពិសេសក្នុងការកសាងភាពជាដៃគូ ពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានទាំងពីរ ដើម្បីគាំទ្រ និងលើកកម្ពស់គម្រោងអប់រំទាក់ទងនឹងវប្បធម៌ និងអរិយធម៌ តាមរយៈការរៀបចំព្រឹតិ្តការណ៍រួមគ្នា និងការអញ្ជើញភ្ញៀវកិតិ្តយស ដើម្បីធ្វើបទអន្តរាគមន៍ ចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមករវាងស្ថាប័នទាំងពីរ។
លើសពីនេះ កិច្ចព្រមព្រៀងនេះ ក៏រួមចំណែកដល់ការជំរុញភាពជាដៃគូក្នុងវិស័យផ្សេងៗទៀត នៃឯកទេសជំនាញរៀងៗខ្លួន ដូចជាការបណ្តុះបណ្តាល កម្មសិក្សាសម្រាប់សិស្ស និសិ្សត ការផ្លាស់ប្តូរសិស្ស និសិ្សត ដំណើរទស្សនកិច្ចការចូលបណ្ណាល័យពហុឯកសាររបស់វិទ្យាស្ថានបារាំង។
កិច្ចព្រមព្រៀងនេះ មានសុពលភាពចាប់ពីពេលចុះហត្ថលេខាដោយភាគីទាំងពីរ រហូតដល់ថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងនេះ នឹងត្រូវបានបន្តថ្មីដោយស្វ័យប្រវតិ្តក្រោយថ្ងៃកំណត់ បើពុំមានភាគីណាមួយចង់សុំបញ្ចប់។
ភាគីហត្ថលេខីត្រូវខិតខំរួមគ្នា ជំរុញសកម្មភាពវប្បធម៌ ដើម្បីញ៉ាំងឲ្យសាធារណជនចូលរួមសកម្មភាពវប្បធម៌កាន់តែទូលំទូលាយ ហើយភាគីទាំងពីរនឹងចូលរួមវិភាគទានចំណាយផ្សេងៗ ទៅតាមសមត្ថភាពរៀងៗខ្លួន និងទៅតាមប្រភេទប្រតិ្តបតិ្តការ ដោយមានកិច្ចព្រមព្រៀងហិរញ្ញវត្ថុបន្ថែមស្របតាមករណីជាក់ស្តែងនីមួយៗ។
តាមរយៈនៃកិច្ចព្រមព្រៀងនេះ ដោយផ្តោតលើសកម្មភាពវប្បធម៌ សិល្បៈ និងការអប់រំ រយៈពេលយូរអង្វែង ដូចជា៖ ការតាំងពិព័រណ៍ ការប្រគុំតន្រី្ត ការរាំ/របាំ នៅវិទ្យាស្ថានបារាំង ការចូលរួមសកម្មភាពផ្សេងៗរបស់និសិ្សត និងការរៀបចំបង្កើតគម្រោងគរុកោសល្យ និងអប់រំនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ការរៀបចំតាំងពិព័រណ៍ នៅសាកលវិទ្យាល័យ និងវិទ្យាស្ថាន ឬនៅទីតាំងណាមួយដែលភាគីទាំងពីរបានឯកភាព ការរៀបចំប្រកួតស្នាដៃ ស្ថាបត្យកម្ម តន្រី្ត របាំ។ ជំរុញការផ្លាស់ប្តូរវប្បធម៌រាល់គ្រប់ទម្រង់រូបភាព នៃសិល្បៈមើលឃើញ របាំ តន្រី្ត ការចូលរួមមតិពិភាក្សាអំពីគំនិត ស្តីពីវប្បធម៌ និងសិល្បៈ។
ជំរុញឲ្យមានការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាក់ទងនឹងប្រវតិ្តវិទ្យា បុរាណវិទ្យា និងសារមន្ទីរវិទ្យា ការប្រើសាលបញ្ចាំងភាពយន្តវិទ្យាស្ថានបារាំងសម្រាប់ធ្វើការបញ្ចាំងភាពយន្ត និងការប្រគុំតន្រី្តដោយនិសិ្សតសាកលវិទ្យាល័យ គម្រោងរួមផ្សេងៗផ្នែកបណ្តុះបណ្តាលវិស័យភាពយន្ត និងការអញ្ជើញអ្នកនិពន្ធ សិល្បករ ស្ថាបត្យករ អ្នកជំនាញទេសភាពលំនៅស្ថាន អ្នកធ្វើបទបង្ហាញ និងការតាំងពិព័រណ៍រួមរវាងបណ្ណាល័យពហុឯកសារវិទ្យាស្ថានបារាំង និងបណ្ណាល័យសកលវិទ្យាល័យ និងការទស្សនកិច្ចរបស់និសិ្សតសាកលវិទ្យាល័យ នៅពេលមានការតាំងពិព័រណ៍ និងសកម្មភាពវប្បធម៌ផ្សេងៗរៀបចំដោយវិទ្យាស្ថានបារាំង និងការតាំងពិព័រណ៍ AJAP ជាលើកដំបូង នូវកម្រងស្នាដៃរបស់អ្នកជំនាញទេសភាពវ័យក្មេង ដែលនឹងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២២។
ការតាំងពិព័រណ៍មួយនេះ នឹងធ្វើឡើងក្នុងគោលបំណងលើកស្ទួយវិជ្ជាជីវៈអ្នកជំនាញទេសភាពនៅកម្ពុជា៕អត្ថបទ រដ្ឋា






