មន្ត្រីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ចង់ទទួលបានសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ជាឥន្ធនៈ សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងមានបំណងសាងសង់នាវានេះ នៅក្នុងស្រុក។
មន្ត្រីរូបនេះបាននិយាយថា លោកប្រធានាធិបតី Lee Jae Myung បានប្រាប់សមភាគីអាមេរិករបស់លោក គឺលោក Donald Trump ក្នុងអំឡុងកិច្ចពិភាក្សាកំពូលកាលពីសប្តាហ៍មុនថា កូរ៉េខាងត្បូងនឹងសាងសង់នាវាមុជទឹកនៅក្នុងស្រុក ខណៈកំពុងស្នើសុំជំនួយពីលោក Trump ឲ្យជួយផ្នែកឥន្ធនៈ។ ហើយមន្ត្រីរូបនេះបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានអនុម័តយល់ព្រមលើការប្រើប្រាស់ឥន្ធនៈនុយក្លេអ៊ែររបស់ទីក្រុងសេអ៊ូល សម្រាប់នាវាមុជទឹក។

តែយ៉ាងណាក្ដី ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែបច្ចុប្បន្ន រវាងប្រទេសទាំង២ កូរ៉េខាងត្បូងមិនត្រូវបានអនុញ្ញាតឲ្យកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែរដែលប្រើប្រាស់ហើយ ឬចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់គោលបំណងយោធានោះទេ ទោះបីជាកូរ៉េខាងត្បូងមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផលិតថាមពលក៏ដោយ៕
