រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានបញ្ជាឲ្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ប្រកាសតំបន់តាមបណ្តោយព្រំដែនអ៊ីស្រាអែល-អេហ្ស៊ីប ជាតំបន់យោធាដែលបិទ ដើម្បីបញ្ឈប់ការគំរាមកំហែងកាន់តែខ្លាំងឡើង ពីការរត់ពន្ធអាវុធដោយយានដ្រូន។
ដោយថ្លែងបន្ទាប់ពីកិច្ចប្រជុំស្តីពីការគំរាមកំហែងដោយយានដ្រូន នៅក្រសួងការពារជាតិ លោក Katz បាននិយាយថា លោក និងលោក David Zini ប្រធានទីភ្នាក់ងារសន្តិសុខ Shin Bet បានឯកភាពគ្នា ចាត់ទុកការរត់ពន្ធអាវុធដោយយន្តហោះគ្មានមនុស្សបើកឆ្លងកាត់ព្រំដែនថា ជា «ការគំរាមកំហែងភេរវកម្ម»។

លោក Katz បាននិយាយថា៖«យើងកំពុងប្រកាសសង្គ្រាម អ្នកណាដែលបំពានតំបន់ហាមឃាត់នេះ នឹងត្រូវវាយប្រហារ»។
ក្រសួងការពារជាតិ បាននិយាយថា នាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិរបស់ខ្លួន ដែលជាសាខាមួយដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធទំនើប នឹងលើកកម្ពស់វិធានការទប់ទល់ បច្ចេកវិទ្យា។
ការសម្រេចនេះ កើតឡើង ចំពេលមានឧប្បត្តិហេតុម្តងហើយម្តងទៀតនៃសកម្មភាពយានដ្រូនតាមបណ្តោយព្រំដែនភាគខាងត្បូង ដែលមន្ត្រីអ៊ីស្រាអែលនិយាយថា ត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្កាហ្សា និងដើម្បីគាំទ្រក្រុមសកម្មប្រយុទ្ធ។ លោក Katz បាននិយាយថា ការរត់ពន្ធបែបនេះគឺ «ជាផ្នែកមួយនៃសង្គ្រាមនៅហ្កាហ្សា»ហើយ «ត្រូវតែបញ្ឈប់ដោយមធ្យោបាយទាំងអស់ដែលមាន»៕
