ទីភ្នាក់ងារសារព័ត៌មានប៊ុលហ្គារី (BTA) បានរាយការណ៍នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) នេះថា ជនអន្តោប្រវេសន៍ ៦នាក់ បានបាត់បង់ជីវិត និង ៤នាក់បានរងរបួស បន្ទាប់ពីរថយន្តរបស់ពួកគេ បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលមានការដេញតាមរបស់នគរបាល នៅជិតទីក្រុងសមុទ្រខ្មៅ Burgas។
ស្នងការនគរបាលព្រំដែន លោក Anton Zlatanov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ bTV ដូចដែលទីភ្នាក់ងារព័ត៌មានរដ្ឋបានរាយការណ៍ថា រថយន្ត Skoda ដែលបានចុះបញ្ជីក្នុងប្រទេសរ៉ូម៉ានី បានដឹកមនុស្ស ១០នាក់នៅពេលដែលរថយន្តនេះមិនឈប់ឲ្យត្រួតពិនិត្យ និងព្យាយាមគេចពីការចាប់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍។
មនុស្ស ៦នាក់ បានស្លាប់នៅកន្លែងកើតហេតុ ខណៈដែលអ្នកបើកបរជនជាតិរ៉ូម៉ានី និងជនអន្តោប្រវេសន៍ ៣នាក់ដែលរួចជីវិត បានទទួលជំនួយសង្គ្រោះបឋម។ ទីភ្នាក់ងារសារព័ត៌មាន BTA បានឲ្យដឹងបន្ថែមថា អ្នកនៅរស់រានមានជីវិត ត្រូវបានគេគិតថា មកពីប្រទេសអាហ្វហ្គានីស្ថាន។
ចាប់តាំងពីឆ្នាំ២០១៥ មក ប្រទេសនៅតំបន់បាល់កង់ បានក្លាយទៅជាផ្លូវឆ្លងកាត់ដ៏សំខាន់ សម្រាប់ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ទៅពីតំបន់មជ្ឈិមបូព៌ា អាហ្វហ្គានីស្ថាន អាស៊ី និងអាហ្រ្វិក ដែលភៀសខ្លួនចេញពីសង្គ្រាម និងភាពក្រីក្រទៅកាន់សហភាពអឺរ៉ុប។ មនុស្សជាច្រើនប្រើបណ្តាញរត់ពន្ធ ដើម្បីជួយដល់ពួកគេ។
អាជ្ញាធររ៉ូម៉ានីមិនបានបញ្ជាក់ភ្លាមៗនោះឡើយ ជុំវិញសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អំពីគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់នេះ៕