ថ្នាក់រៀននៅតំបន់ហ្កាហ្សា បានចាប់ផ្តើមបើកទ្វារឡើងវិញបណ្តើរៗ បន្ទាប់សង្រ្គាមឥតឈប់ឈររយៈពេល ២ឆ្នាំ របស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញជីវិតរស់នៅប្រចាំថ្ងៃនៅដែនដីប៉ាឡេស្ទីនមួយនេះ ។
រយៈពេល ៤សប្តាហ៍នៃបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកនៅតំបន់ហ្កាហ្សា ទីភ្នាក់ងារការងារជួយសង្រ្គោះជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) កំពុងជំរុញឲ្យមានការបើកសាលារៀនឡើងវិញ នៅទូទាំងដែនដីមួយនេះ ស្របពេលមានការទម្លាក់គ្រាប់បែកបន្តរបស់អ៊ីស្រាអែល និងការរឹតត្បិតខ្លាំងលើលំហូរជំនួយ ។
ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣មក សិស្សរបស់ទីភ្នាក់ងារ UNRWA ជាង ៣០ម៉ឺននាក់ ពុំទទួលបានការអប់រំនោះទេ ខណៈដែល ៩៧ភាគរយនៃអគារសាលារៀនរបស់ទីភ្នាក់ងារមួយនេះ រងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញ ដោយសារការប្រយុទ្ធគ្នា ។
អ្វីដែលធ្លាប់ជាមជ្ឈមណ្ឌលអប់រំឥឡូវត្រូវបានប្រើប្រាស់ជាទីជម្រកដោយមនុស្សជម្លៀសខ្លួនរាប់ពាន់គ្រួសារ ៕