អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅថ្ងៃសុក្រនេះ បានច្រានចោលការព្យាករថារដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov អាចនឹងលែងពេញចិត្តប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៀតហើយ ។
ជាការឆ្លើយតបនឹងសំណួរនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃជាមួយក្រុមអ្នកសារព័ត៌មាន លោក Peskov និយាយថា ការលើកឡើងបែបនេះ ពុំឆ្លើយតបនឹងការពិតនោះទេ ហើយលោក Lavrov នៅតែបន្តការងាររបស់លោកជារដ្ឋមន្រ្តីការបរទេសដដែល ។
កាសែត Financial Times រាយការណ៍កាលពីថ្ងៃទី ៣១ ខែតុលាថា សហរដ្ឋអាមេរិក បានលុបចោលជំនួបកំពូលតាមផែនការនៅទីក្រុង Budapest រវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក President Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីគោលជំហរយ៉ាងម៉ឺងម៉ាត់របស់រុស្ស៊ីលើការទាមទារដ៏រឹងរូសពាក់ព័ន្ធនឹងអ៊ុយក្រែន ។
កាសែត Financial Times រាយការណ៍ទៀតថា ការសម្រេចចិត្តនេះ បានកើតមានឡើង ក្រោយការទូរស័ព្ទដ៏តានតឹងរវាងមន្រ្តីការទូតជាន់ខ្ពស់របស់ប្រទេសទាំង ២ គឺលោក Sergei Lavrov និងលោក Marco Rubio ។
នៅថ្ងៃសុក្រនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បានចាត់ទុកអត្ថបទរបស់កាសែត FT ថាជារឿងរ៉ាវដ៏អស្ចារ្យ មានតម្លៃចំពោះការងាររបស់អ្នកនិពន្ធ Agatha Christie ។ អ្នកស្រីនិយាយថា ពួកយើងត្រូវការធ្វើសេចក្តីអត្ថាធិប្បាយមិនត្រឹមលើអ្វីដែលបានសរសេរនៅក្នុងអត្ថបទនេះឡើយ តែពួកយើងត្រូវធ្វើសេចក្តីអត្ថាធិប្បាយលើខ្លឹមសារផ្សេងទៀតនៃសង្រ្គាមព័ត៌មាន ដែលជាផ្នែកមួយនៃសង្រ្គាមកូនកាត់ប្រឆាំងនឹងរុស្ស៊ី ៕