សេវាកម្មគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបែលហ្ស៊ិក Skeyes បាននិយាយនៅថ្ងៃសុក្រនេះថា អាកាសយានដ្ឋានក្រុង Liege របស់បែលហ្ស៊ិក បានចាប់ផ្តើមការហោះហើរឡើងវិញ ក្រោយផ្អាកបណ្តោះអាសន្ន ដោយសារប្រទះឃើញយានដ្រូន ។
សេវាកម្ម Skeyes និយាយថា ពួកគេទទួលបានសេចក្តីរាយការណ៍ថា យានដ្រូនត្រូវបានប្រទះឃើញនៅលើអាកាសយានដ្ឋាន កាលពីវេលាម៉ោង ៦ និង ៣០នាទី ម៉ោងសកល នាំឲ្យមានការបិទអាកាសយានដ្ឋាននៅរយៈពេលកន្លះម៉ោងក្រោយមក ។
លោក Kurt Verwilligen គឺជាអ្នកនាំពាក្យសេវាកម្មមួយនេះ និយាយថា ពួកយើងត្រូវតែទទួលយករាល់សេចក្តីរាយការណ៍ធ្ងន់ធ្ងរទាំងអស់នេះ។ ជើងហោះហើរ បានចាប់ផ្តើមឡើងវិញហើយ ។
គួរឲ្យដឹងថា យានដ្រូនត្រូវបានប្រទះឃើញហោះនៅពីលើអាកាសយានដ្ឋាននៅរដ្ឋធានីព្រុចសែលនិងនៅទីក្រុង Liege ស្ថិតនៅភាគខាងកើតប្រទេស បង្ខំឲ្យមានការបង្វែរទិសដៅហោះហើររបស់យន្តហោះជាច្រើនគ្រឿងកាលពីថ្ងៃអង្គារ ហើយនិងមិនអនុញ្ញាតឲ្យយន្តហោះហោះហើរនោះទេ ។
ការប្រទះឃើញយានដ្រូននៅពីលើអាកាសយានដ្ឋាន និងមូលដ្ឋានយោធា បានក្លាយជាបញ្ហាជានិច្ចកាលនៅក្នុងប្រទេសបែលហ្ស៊ិកនារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយនិងបណ្តាលឲ្យមានការអាក់ខានធំទូទាំងតំបន់អឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
វាបង្ខំឲ្យមានការបិទអាកាសយានដ្ឋាននៅតាមបណ្តាប្រទេសជាច្រើន រួមទាំងប្រទេសស៊ុយអែតផងដែរកាលពីថ្ងៃព្រហស្បតិ៍ ។ ក្រុមមន្រ្តីមួយចំនួន ដាក់ការស្តីបន្ទោសឧបទ្ទេវហេតុទាំងនេះថាជាសង្រ្គាមកូនកាត់បង្កឡើងដោយរុស្ស៊ី ៕