អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនឆ្លើយតបទៅនឹងសំណើសុំជំនួយរបស់វ៉េណេស៊ុយអេឡា ខណៈពេលដែលកំពុងជំរុញកុំឲ្យមានការកើនឡើងនូវភាពតានតឹង នៅក្នុងតំបន់។
ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវទៅកាន់ទីក្រុងមូស្គូឲ្យមានការគាំទ្រផ្នែកយោធា ក្នុងនោះរួមទាំងការជួសជុលយន្តហោះចម្បាំង Sukhoi ផលិតដោយរុស្ស៊ី ការធ្វើឲ្យប្រព័ន្ធរ៉ាដាប្រសើរឡើង និងការបញ្ជូនប្រព័ន្ធមីស៊ីល។
សំណើនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុង Caracas ចាត់ទុកថា ជាការគំរាមកំហែងកាន់តែខ្លាំងឡើងៗពីទីក្រុងវ៉ាស៊ីនតោន ដែលបានបង្កើនវត្តមានយោធាយ៉ាងច្រើន នៅតំបន់ការ៉ាអ៊ីព ក្នុងប៉ុន្មានខែថ្មីៗនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែវិច្ឆិកា) ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារលើទូកត្រូវបានចោទជួញដូរគ្រឿងញៀន ១គ្រឿងទៀត នៅសមុទ្រការ៉ាអ៊ីព ដោយបានសម្លាប់មនុស្ស ៣នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់ដោយយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់ទីក្រុងវ៉ាស៊ីនតោនឡើងដល់យ៉ាងហោចណាស់ ៧០នាក់ហើយ។
សហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើការវាយប្រហារបែបនេះ កាលពីដើមខែកញ្ញា ជាអ្វីដែលអ្នកជំនាញលើកឡើងថា ស្មើនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ បើទោះបីជាការវាយប្រហារទាំងនោះកំណត់គោលដៅលើអ្នកជួញដូរដែលគេដឹងច្បាស់ក៏ដោយ ដោយមានយុទ្ធនាការផ្តោតលើនាវា នៅសមុទ្រការីអ៊ីព និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត៕