ក្រុមចៅក្រមនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)បានបញ្ជាក់ការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមេដឹកនាំក្រុមឧទ្ទាមអ៊ូហ្គង់ដាលោក Joseph Kony រយៈពេលជិត ២ទសវត្សរ៍ ក្រោយតុលាការមួយនេះ ចេញដីការដំបូង សម្រាប់ការចាប់ខ្លួនរូបលោក ។
លោក Kony ដែលនៅមិនទាន់ចាប់ខ្លួនបាននោះ ប្រឈមនឹងការចោទប្រកាន់ ៣៩ករណី រួមទាំងអំពើឃាតកម្ម ទាសភាពផ្លូវភេទ និងការចាប់រំលោភសេពសន្ថវៈ ដែលធ្វើឲ្យរូបលោកក្លាយជាពិរុទ្ធជនរត់គេចខ្លួនយូរបំផុតរបស់តុលាការ ICC ។
ក្រុមចៅក្រមមកពីអង្គជំនុំជម្រះ Pre-Trial Chamber III របស់តុលាការ ICC និយាយថា មាននូវហេតុសំខាន់ជឿថា លោក Konyត្រូវទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តនៅតំបន់ភាគខាងជើងអ៊ូហ្គង់ដា ចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០០៥ ពេលដែលលោកធ្វើជាមេបញ្ជាការរបស់កងទ័ពតស៊ូ របស់អម្ចាស់(LRA) ។
ក្រៅពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយក្រុមឧទ្ទាមរបស់លោក ក្រុមចៅក្រមនិយាយថា លោក Kony អាចជាអ្នកទទួលខុសត្រូវផងដែរចំពោះឧក្រិដ្ឋកម្មចំនួន ១០ ដែលបានប្រព្រឹត្តដោយខ្លួនលោកផ្ទាល់ ពាក់ព័ន្ធនឹងស្រ្តី២នាក់ដែលលោកបង្ខំឲ្យធ្វើជាភរិយារបស់លោក ៕