ប្រទេសអង់គ្លេស បានសម្រេចដកទណ្ឌកម្មដែលដាក់លើប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) នេះ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើបែបនោះដែរ នៅមុនមានកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នាសប្តាហ៍ក្រោយ។
ហើយជាមួយគ្នានេះ តាមរយៈសេចក្តីជូនដំណឹងមួយ នៅលើគេហទំព័ររបស់រដ្ឋាភិបាល អង់គ្លេសបានឲ្យដឹងថា ខ្លួនក៏កំពុងដកទណ្ឌកម្មផងដែរពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរី លោក Anas Khattab។ ឥស្សរជានខ្ពស់ទាំង ២នាក់នេះ ធ្លាប់ទទួលរងនូវទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ដែលដាក់សំដៅទៅលើក្រុម ISIS និងក្រុមអាល់កៃដា។
លោក Al-Sharaa បានក្លាយជាប្រធានាធិបតីប្រទេសស៊ីរី ក្នុងខែមករា បន្ទាប់ពីកងកម្លាំងបះបោរដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) បានទម្លាក់លោក Bashar al-Assad ចេញពីអំណាច អំឡុងការវាយលុកដ៏លឿនរហ័សដូចផ្លេកបន្ទោរមួយ។
គួរបញ្ជាក់ថា លោក Sharaa ដែលធ្លាប់ជាឥស្សរជនជាន់ខ្ពស់នៅក្នុងក្រុម HTS និងពីមុនមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិ និងចក្រភពអង់គ្លេសនៅក្នុងឆ្នាំ២០១៤ ដែលរួមមានការហាមប្រាមការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងបម្រាមពាក់ព័ន្ធនឹងអាវុធ៕