ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃសុក្រ (ទី៧ ខែវិច្ឆិកា) នេះថា ប្រទេសអ៊ីរ៉ង់ស្វែងរកសន្តិភាព ប៉ុន្តែនឹងមិនត្រូវបានសម្លុតកំហែងឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួននោះឡើយ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ីរ៉ង់បាននិងកំពុងចោទសួរថា តើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើទីក្រុងតេអេរ៉ង់ អាចត្រូវបានលុបចោលដែរ ឬទេ។
លោក Pezeshkian បានបញ្ជាក់ថា៖ «យើងមានឆន្ទៈធ្វើកិច្ចពិភាក្សា ក្រោមក្របខ័ណ្ឌអន្តរជាតិ ប៉ុន្តែមិនមែនមានន័យថា ពួកគេប្រាប់ថា អ្នកមិនអាចមាន (នុយក្លេអ៊ែរ) វិទ្យាសាស្ត្រ ឬមានសិទ្ធិការពារខ្លួនអ្នក (ដោយមីស៊ីល) ឬផ្សេងៗទៀត នៅពេលយើងនឹងទម្លាក់គ្រាប់បែកលើប្រទេសអ្នក»។
អ៊ីរ៉ង់បានច្រានចោលម្តងហើយម្តងទៀតនូវលទ្ធភាពនៃការចរចា អំពីសមត្ថភាពការពារជាតិរបស់ខ្លួន ក្នុងនោះរួមទាំងកម្មវិធីមីស៊ីល និងគំនិតឲ្យបោះបង់ចោលនូវការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់នៅលើដីរបស់ខ្លួន។
លោក Pezeshkian បានបន្ថែមថា៖ «យើងចង់រស់នៅក្នុងពិភពលោកនេះដោយសន្តិភាព និងសន្តិសុខ ប៉ុន្តែមិនត្រូវបានគេមើលងាយនោះឡើយ ហើយវាមិនអាចទទួលយកបានទេដែលពួកគេធ្វើមកលើយើងនូវអ្វីដែលពួកគេចង់ ហើយយើងគ្រាន់តែបម្រើតាមពួកគេនោះ»។
អ៊ីស្រាអែលមើលឃើញអ៊ីរ៉ង់ថា ជាការគំរាមកំហែង។ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មីស៊ីលបាលីស្ទិករបស់ខ្លួនដែលមានរយៈចម្ងាយរហូតដល់ ២.០០០គីឡូម៉ែត្រ គឺជាកម្លាំងរារាំង និងតបតដ៏សំខាន់ ប្រឆាំងនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងលទ្ធភាពនៃការគោលដៅក្នុងតំបន់ផ្សេងទៀត។ សាធារណរដ្ឋឥស្លាមបដិសេធថា ខ្លួនមិនបានស្វែងរកការផលិតអាវុធនុយក្លេអ៊ែរឡើយ៕