ប្រជាពលរដ្ឋស៊ូដង់ បានបង្ហាញក្តីសង្ឃឹមផង និងក្តីបារម្ភផង ពេលដែលកងកម្លាំងគាំទ្ររហ័ស(RSF) ឯកភាពលើសំណើពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអារ៉ាប់ សម្រាប់បទឈប់បាញ់មនុស្សធម៌ និងជជែកពីការបញ្ឈប់អរិភាព ។
គួរឲ្យដឹងថា កងកម្លាំង RSF និយាយថា ខ្លួនបានយល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅស៊ូដង់ បន្ទាប់ពីការប្រយុទ្ធគ្នាជាងពីរឆ្នាំជាមួយកងទ័ពស៊ូដង់ ។
កងកម្លាំង RSF បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទទួលយកបទឈប់បាញ់មនុស្សធម៌ ដែលស្នើឡើងដោយក្រុមសម្របសម្រួលដឹកនាំដោយសហរដ្ឋអាមេរិក អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងអារ៉ាប់រួម ដើម្បីដោះស្រាយផលវិបាកមនុស្សធម៌ដ៏មហន្តរាយនៃសង្គ្រាម និង បង្កើនការការពារជនស៊ីវិល។
ទោះបីជាយ៉ាងណាក៏ដោយ ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាស៊ូដង់នៅឡើយនោះទេ។
កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់អាមេរិកសម្រាប់កិច្ចការអារ៉ាប់ និងអាហ្វ្រិក លោក Massad Boulos បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីឈានដល់បទឈប់បាញ់ ហើយភាគីជម្លោះបានយល់ព្រមលើគោលការណ៍។
លោក Mujahid Bahr Al-Dinដែលជាពលរដ្ឋជម្លៀសខ្លួនស៊ូដង់មួយរូបនៅទីក្រុង Tawila និយាយថា លោកសង្ឃឹមថា អ្វីៗនឹងវិលត្រឡប់ដូចដើមវិញ ហើយពលរដ្ឋនឹងអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ។
ដោយឡែក លោក Mazen Al-Harith គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុង Omdurman និយាយថា កងកម្លាំង RSF នឹងមិនអនុវត្តបទឈប់បាញ់ស្នើសុំនោះទេ ដូចដែលពួកគេពុំបានអនុវត្តកិច្ចព្រមព្រៀងលើកមុន ។
សូមបញ្ជាក់ថា កងកម្លាំង RSF និងកងទ័ពស៊ូដង់ បានឯកភាពគ្នាលើសំណើបទឈប់បាញ់ជាច្រើន អំឡុងសង្រ្គាមរយៈពេល ២ឆ្នាំកន្លះរបស់ពួកគេ បើទោះបីជាគ្មានកិច្ចព្រមព្រៀងណាមួយបានជោគជ័យក៏ដោយ ៕

