បទពិសោធន៍ជិតស្លាប់របស់លោក Keiji Minatoya ដែលជាអ្នកធ្វើនំជនជាតិជប៉ុន បានចាប់ផ្តើមពេលដែលលោកបើកទ្វារយានដ្ឋានរបស់លោក ហើយនិងតតាំងជាមួយសត្វខ្លាឃ្មុំពណ៌ខ្មៅដ៏ធំមួយក្បាលដែលបាននៅម្ខាង ។
រំឭកដល់ពេលដែលសត្វខ្លាឃ្មុំវាយប្រហារគាត់កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ លោក Minatoya និយាយថា វាបានសំឡើងមើលលោកយ៉ាងស្ងាត់ ពួកយើងបានសំឡើងមើលគ្នាមួយសន្ទុះ ។
លោកថា សត្វខ្លាឃ្មុំបានសង្កត់គាត់ឲ្យដួល ខាំគាត់បន្សល់ទុកស្នាមរបួសជ្រៅនៅលើផ្ទៃមុខរបស់គាត់ ស្នាមខាំតាមដៃ និងដងខ្លួនរបស់គាត់ វាយប្រហារគាត់ មុនពេលវារត់ទៅបាត់ ។
បុរសវ័យ ៦៨ឆ្នាំរូបនេះ បន្តថា សេវាកម្មសង្រ្គោះបន្ទាន់បានដឹករូបលោកតាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Akita ដើម្បីសង្រ្គោះអាយុជីវិតរបស់គាត់ ។ សត្វខ្លាឃ្មុំនោះកាចខ្លាំងណាស់ សំឡេងរបស់វាគួរឲ្យខ្លាច ។ លោកនិយាយទៀតថា លោកគិតថា លោកប្រហែលជាត្រូវស្លាប់ហើយ ។ ដូច្នេះហើយ លោកសូមធ្វើការអំពាវនាវឲ្យមានវិធានការគ្មានមេត្តាចំពោះសត្វខ្លាឃ្មុំទាំងអស់នេះ ។
លោក Minatoya និងអ្នកជិតខាងរបស់លោកដែលសុទ្ធតែមានវ័យចំណាស់ទៅហើយនោះ រស់នៅខ្សែមុខនៃរលកវាយប្រហារកើនឡើងរបស់សត្វខ្លាឃ្មុំ ។
ទិន្នន័យពីរដ្ឋាភិបាល បានឲ្យដឹងថា ជប៉ុនរកឃើញការវាយប្រហាររបស់សត្វខ្លាឃ្មុំជាង ១០០លើក ចាប់តាំងពីខែមេសារហូតមក ក្នុងនោះ មនុស្ស ១៣នាក់ ត្រូវបានសម្លាប់ ។
ជាង ២ភាគ ៣នៃអ្នកស្លាប់ បានកើតឡើងនៅខេត្ត Akita ជាទីដែលលោក Minatoya រស់នៅ ហើយនិងខេត្ត Iwate ។ ការប្រទះភ្នែកឃើញសត្វខ្លាឃ្មុំ បានកើនឡើង ៦ដង រហូតដល់ជាង ៨ពាន់លើកក្នុងឆ្នាំនេះ ។
លោក Minatoya និយាយថា លោកគិតថា ហេតុផលនេះ គឺដោយសារចំនួនមនុស្សរស់នៅទីនេះ បានធ្លាក់ចុះ ហើយចំនួនព្រានព្រៃក៏ធ្លាក់ចុះដូចគ្នា ៕

