ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញទទួលពានរង្វាន់កិត្តិយសពិសេសនៃស្ថាបនិក( Founders’ Special Honorary Award )នៃពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសអញ្ជើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា «គ្មានសន្តិភាព គ្មានក្តីសង្ឃឹម , គ្មានសន្តិភាព គ្មានការអភិវឌ្ឍ , គ្មានសន្តិភាព គ្មានការគោពសិទ្ធមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ»នោះដែរ។
-សម្តេចតេជោ បញ្ជាក់ថា សម្រាប់សម្តេច «សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ , សន្តិភាពគឺជាអ្វីដ៏ស្រស់ស្អាតបំផុត, សន្តិភាពផ្តល់ក្តីសង្ឃឹមនិងស្នាមញញឹមដល់មនុស្សគ្រប់រូប»។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពានរង្វាន់សន្តិភាពស៊ុនហាក់នេះ មិនមែនបានដោយសារតែសម្តេចម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រឹងរបស់សម្តេចនៅក្នុងដំណើរការនៃការកសាងសន្តិភាពនៅកម្ពុជា។
- សម្តេចតេជោ រំលឹកដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ , សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះមហាក្សត្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញព្រះរាជតួនាទី ក្នុងការលើកកម្ពស់នូវស្មារតីសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជាក្នុងឋានៈជាមហាគ្រួសារតែមួយ។
- សម្តេចតេជោ បញ្ជាក់ថា រដ្ឋាភិបាលរបស់សម្តេច បានយកសន្តិភាពជាអាទិភាពខ្ពស់ ដោយបានបញ្ជូនកងទ័ពកម្ពុជារាប់ពាន់នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព និងបោសសម្អាតមីន របស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក និងមជ្ឈិមបូព៌ា ដោយសង្ឃឹមថា នឹងអាចចូលរួមចំណែកក្នុងការស្តារសន្តិភាពនៅក្នុងតំបន់ទាំងនោះ។
- សម្តេចតេជោ ថ្លែងថា បើទោះជាកម្ពុជាតូចក៏ដោយ ក៏កម្ពុជាបានចូលរួមចំណែក ដល់ដំណើរការនៃការស្វែងរកសន្តិភាពនៅក្នុងតំបន់និងពិភពលោក ប្រកបដោយសុច្ឆន្ទៈ , ការទទួលខុសត្រូវ និងភាពស្មោះត្រង់ផងដែរ។
-សម្តេចតេជោលើកឡើងថា សន្តិភាពនៅក្នុងតំបន់ និងពិភពលោកនៅតែមានភាពផុយស្រួយ និងស្ថិតក្រោមភាពតានតឹង ដោយសារបញ្ហារួមផ្សំ ដូចជាការប្រកួតប្រជែងរវាងមហាអំណាច ការកើនឡើងនៃគំនិតជាតិនិយម អំពើភេរវកម្ម ភាពក្រីក្រ និងអសន្តិសុខស្បៀង ដែលបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ១៩ ដែលបញ្ហាទាំងនេះ អាចនឹងបំផ្លិចបំផ្លាញវឌ្ឍនភាពរបស់មនុស្ស និងជាតិសាសន៍ទាំងមូល ប្រសិនបើមិនរួមគ្នាដោះស្រាយ។
-សម្តេចតេជោ ជំរុញការបង្កើន និងធ្វើពិពិធកម្មកិច្ចសហការ និងភាពជាដៃគូ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការគំរាមកំហែងនៃបញ្ហានានា ព្រមទាំងពង្រឹងនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពឲ្យកាន់តែរឹងមាំ។





