សហរដ្ឋអាមេរិក បានដកប្រធានាធិបតីប្រទេសស៊ីរី លោក Ahmed al-Sharaa ចេញពីបញ្ជីទណ្ឌកម្ម «ភេរវករ» មុនពេលជំនួបរវាងមេដឹកនាំថ្មីរបស់ប្រទេសនេះ និងប្រធានាធិបតី លោក Donald Trump នៅសប្តាហ៍ក្រោយ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដកលោក al-Sharaa ដែលជាអតីតអ្នកប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាចេញពីបញ្ជីភេរវករសកលដែលត្រូវបានកំណត់ជាពិសេសកាលពីថ្ងៃសុក្រ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានដកលោក al-Sharaa ចេញពីបញ្ជីទណ្ឌកម្មផងដែរ។
ការដកលោកal-Sharaa ចេញពីបញ្ជីទណ្ឌកម្មជាផ្លូវការ គឺជាចំណាត់ការចុងក្រោយ ដែលមានន័យថាដកចេញនូវឧបសគ្គដ៏មានសក្តានុពលចំពោះការស្វែងរកសមាហរណកម្មសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសស៊ីរី ក្រោយសង្គ្រាមស៊ីវិលដ៏បំផ្លិចបំផ្លាញជាច្រើនឆ្នាំ និងការបណ្តេញអតីតមេដឹកនាំ លោក Bashar al-Assad ចេញពីអំណាចកាលពីខែធ្នូ ឆ្នាំ២០២៤។
ទីក្រុងវ៉ាស៊ីនតោន និងអង្គការសហប្រជាជាតិក៏បានដកលោក Anas Hasan Khattab ជាអតីតអ្នកប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ដែលបច្ចុប្បន្ននេះកំពុងបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី ចេញពីបញ្ជីផងដែរ។