នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បាននិយាយថា ប្រទេសរបស់លោកបានទទួលការលើកលែងពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើថាមពលរបស់រុស្ស៊ី បន្ទាប់ពីជំនួបនៅសេតវិមានជាមួយលោកប្រធានាធិបតី Donald Trump ។
លោក Orban ដែលជាសម្ព័ន្ធមិត្តជាយូរលង់របស់លោក Trump បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រដើម្បីស្វែងរកការបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិកអនុញ្ញាតឱ្យប្រទេសហុងគ្រី បន្តការនាំចូលប្រេងនិងឧស្ម័នពីប្រទេសរុស្ស៊ីដោយមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មដែលរដ្ឋបាលរបស់លោក Trump បានដាក់លើទីក្រុងមូស្គូ ជុំវិញសង្គ្រាមរបស់ប្រទេសនេះនៅអ៊ុយក្រែន។
ក្នុងអំឡុងសន្និសីទសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយហុងគ្រីបន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយ លោកTrump លោកOrban បាននិយាយថាប្រទេសហុងគ្រី «បានទទួលការលើកលែងទាំងស្រុងពីការដាក់ទណ្ឌកម្ម» ខណៈឧស្ម័នរបស់រុស្ស៊ីត្រូវបានបញ្ចូនទៅឲ្យប្រទេសហុងគ្រីតាមបំពង់បង្ហូរឧស្ម័ន TurkStream និងប្រេងពីបំពង់បង្ហូរប្រេង Druzhba។
លោក Orban បាននិយាយថា «យើងបានស្នើឱ្យលោកប្រធានាធិបតី ដកទណ្ឌកម្ម»។ លោកបាននិយាយថា «យើងបានព្រមព្រៀង ហើយលោកប្រធានាធិបតីបានសម្រេច ដោយលោកបាននិយាយថា ទណ្ឌកម្មនឹងមិនត្រូវបានអនុវត្តចំពោះបំពង់បង្ហូរប្រេងទាំងពីរនេះឡើយ»។
ក្រោយមកមន្ត្រី សេតវិមានបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសហុងគ្រីបានទទួលការលើកលែងរយៈពេលមួយឆ្នាំពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលរបស់រុស្ស៊ី។