សារព័ត៌មាន Financial Time (FT)បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ្នកសម្របសម្រួលផ្សេងទៀត កំពុងជំរុញឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យអ្នកប្រយុទ្ធហាម៉ាសប្រហែល ១៥០ នាក់ ប្រគល់អាវុធរបស់ពួកគេ ជាថ្នូរនឹងការដោះលែង។
យោងតាមប្រភពព័ត៌មានរបស់សារព័ត៌មាននេះ កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) មានឆន្ទៈក្នុងការអនុញ្ញាតឲ្យយុទ្ធជនដែលជាប់ នៅក្នុងផ្លូវរូងក្រោមដី ក្រោមផ្នែកដែលគ្រប់គ្រងដោយអ៊ីស្រាអែលនៃតំបន់ហ្កាហ្សាស្ទ្រីបចាកចេញ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានជំទាស់ដោយបើកចំហចំពោះគំនិតនេះ ដោយបញ្ជាក់ថា គោលដៅនៃសង្គ្រាម គឺដើម្បីដកហូតអាវុធពីក្រុមហាម៉ាស។
កាសែត FT បានចង្អុលបង្ហាញថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff បានពិភាក្សាអំពីបញ្ហានេះ ជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការយុទ្ធសាស្ត្រអ៊ីស្រាអែល លោក Ron Dermer និងរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan។ យោងតាមលោក Witkoff លទ្ធផលនៃការចរចាទាំងនេះនឹងក្លាយជាការសាកល្បងសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដកហូតអាវុធពីក្រុមហាម៉ាស។
ដោយមានការសម្របសម្រួលពីអេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និងទួរគី នៅថ្ងៃទី ០៩ ខែតុលា អ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាព ដែលបង្ហាញដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ យោងតាមផែនការរបស់លោក ត្រាំ បទឈប់បាញ់នៅតំបន់ហ្កាហ្សា បានចូលជាធរមាន នៅថ្ងៃទី ១០ ខែតុលា៕