ទីប្រឹក្សាយោធាជាន់ខ្ពស់របស់ EU បានប្រាប់សារព័ត៌មានរ៉យទ័រថា សហភាពអឺរ៉ុប (EU) គួរតែបញ្ជូនគ្រូ បង្វឹកយោធា ទៅកាន់អ៊ុយក្រែន បន្ទាប់ពីសង្គ្រាមនៅទីនោះ ត្រូវបានបញ្ចប់ ដើម្បីពង្រឹងកងកម្លាំងអ៊ុយ ក្រែនជាផ្នែកមួយនៃការធានាសន្តិសុខរបស់លោកខាងលិច។
លោកឧត្តមសេនីយ៍ Sean Clancy ប្រធានគណៈកម្មាធិការយោធារបស់ EU បាននិយាយថា សហរដ្ឋអាមេរិក នឹងនៅតែសំខាន់សម្រាប់សន្តិសុខរបស់អឺរ៉ុប ទោះបីជាសហភាពអឺរ៉ុប កំពុងត្រៀមខ្លួនការពារខ្លួននៅឆ្នាំ ២០៣០ ក៏ដោយ។
លោក Clancy ដែលជាជនជាតិអៀរឡង់ បាននិយាយថា អង្គការណាតូ នឹងបន្តផ្តល់ «អំណាចដ៏រឹងមាំ» ដើម្បីការពារអឺរ៉ុប ប៉ុន្តែទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក នឹងត្រូវបានធ្វើឲ្យមានតុល្យភាពឡើងវិញ ដោយជនជាតិអឺរ៉ុបកាន់តែពឹងផ្អែកលើខ្លួនឯង។
ការពង្រឹងការពារជាតិរបស់សហភាពអឺរ៉ុប ត្រូវបានជំរុញ ដោយការឈ្លានពានរបស់រុស្ស៊ី នៅឆ្នាំ ២០២២ លើអ៊ុយក្រែន និងការទាមទាររបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់ជនជាតិអឺរ៉ុបឲ្យទទួលខុសត្រូវបន្ថែមទៀតចំពោះសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ៕