ការវាយប្រហាររបស់រុស្ស៊ី បានប៉ះចំហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្សបួននាក់ និងជំរុញឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន នេះបើយោងតាមអាជ្ញាធរអ៊ុយក្រែនកាលពីថ្ងៃសៅរ៍៨ វិច្ឆិកា។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងមូស្គូបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន ដោយបំផ្លាញរោងចក្រឧស្ម័នធម្មជាតិដែលផលិតឥន្ធនៈសំខាន់សម្រាប់ការផ្ដល់កម្ដៅនៅក្នុងប្រទេសនេះ។
ក្រុមអ្នកជំនាញបាននិយាយថា អ៊ុយក្រែន ប្រឈមនឹងការដាច់ចរន្តអគ្គិសនីមុនរដូវរងា។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiga បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានកំណត់គោលដៅជីវិតប្រចាំថ្ងៃរបស់ប្រជាជនម្តងទៀត។ ការវាយប្រហារទាំងនោះ បានកាត់ផ្ដាច់អគ្គិសនី ទឹក និងកម្ដៅ ពីសហគមន៍ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាញផ្លូវដែក។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់យានដ្រូនចំនួន ៤៥៨ គ្រឿង និងមីស៊ីលចំនួន ៤៥ គ្រាប់ទៅលើប្រទេសអ៊ុយក្រែនកាលពីយប់ជ្រៅថ្ងៃសៅរ៍ ដោយបន្ថែមថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៤០៦ គ្រឿង និងមីស៊ីលចំនួន ៩ គ្រាប់៕

