បាល់ទាត់៖ ក្រុមព្រះខ័នរាជស្វាយរៀងបានដណ្ដើម ៣ពិន្ទុពេញពីក្រុមកំពុងឡើងជើងអគ្គិសនីកម្ពុជា ក្រោយយកឈ្នះក្នុងលទ្ធផលបច្ចេកទេស ៦-១ សម្រាប់ប្រកួតដំបូងរបស់ខ្លួន នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគសប្ដាហ៍ទី២ នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីចុងសប្ដាហ៍កន្លងទៅ។

ទោះបីការប្រកួតនេះ ក្រុមភ្ញៀវបានរបូតគ្រាប់ច្រើនក៏ពិតមែន តែការប្រកួតនេះមានភាពទាក់ទាញ និងជក់ចិត្តមិនចាញ់ក្រុម Top-4 ប៉ះគ្នាឡើយ ពិសេសក្រុមប្រើប្រាស់ធនធានកីឡាករក្នុងស្រុកសុទ្ធ គឺក្រុមអគ្គិសនីកម្ពុជាតែម្ដង ទោះបីត្រូវបានក្រុមលោក Conor Nesto ព្យាយាមដាក់សម្ពាធយ៉ាងណាក៏ដោយ។ ជំនួបជើងទី១ នេះ ៣១នាទីដំបូង ព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ៤គ្រាប់មុនដោយកីឡាករ សឿយ វិសាល, Mika, ប្រាក់ មុន្នីឧត្តម និង Privat។ ជាមួយគ្នានោះ អគ្គិសនីកម្ពុជាក៏បានព្យាយាមវាយបក និងមានឱកាសទាត់ចំគោលដៅជាច្រើនលើកផងដែរ តែធ្វើសម្រេចបាន ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ សា ទី នៅនាទី៣៥។ ចូលវគ្គទី២ អគ្គិសនីកម្ពុជានៅតែរក្សាទម្រង់លេងវាយបក ដោយគ្មានការភ័យខ្លាចដដែល តែការប៉ុនប៉ងស៊ុតជាច្រើនលើកមិនឆ្លងផុតខ្សែការពារ និងដៃរបស់អ្នកចាំទី អាំ សុវណ្ណារ៉ាត់ ឡើយ។ ផ្ទុយទៅវិញត្រូវបានក្រុមម្ចាស់ផ្ទះបន្ថែម ២គ្រាប់ទៀតដោយកីឡាករ Mika នៅនាទី៦៧ និងកីឡាករ Privat នៅនាទី៩០+១ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ក្រោយចប់ការប្រកួត គេឃើញអ្នកគាំទ្រជាច្រើនបានសម្ដែងការចាប់អារម្មណ៍ ចំពោះការប្រកួតនេះ និងបានអបអរសាទរក្រុមព្រះខ័នរាជស្វាយរៀង ដែលរកបាន ៣ពិន្ទុពេញក្នុងការប្រកួតដំបូងរបស់ខ្លួន។ ទន្ទឹមជាមួយគ្នាក៏មានការកោតសរសើរ ចំពោះទម្រង់លេងរបស់ក្រុមអគ្គិសនីកម្ពុជានារដូវកាលថ្មីនេះផងដែរ ដោយកីឡាករហ៊ានលេង និងធ្វើបានយ៉ាងល្អ ទោះប៉ះក្រុមណាក៏ដោយ។ តាមរយៈជ័យជម្នះនេះដែរ ព្រះខ័នរាជស្វាយរៀងបានហក់ទៅឈរលេខរៀងទី៣ បណ្ដោះអាសន្នដោយមាន ៣ពិន្ទុស្មើក្រុមឈរលេខរៀងទី២ គឺក្រុមភ្នំពេញក្រោន ដែលយកឈ្នះក្រុមសូលទីឡូអង្គរ ៧-១ កាលពីសប្ដាហ៍ទី១ រួមទាំងក្រុមណាហ្គាវើលដ៏ និងអគ្គិសនីកម្ពុជាដែលមាន ៣ពិន្ទុក្នុងដៃដូចគ្នា ស្របពេលក្រុមអង្គរថាយហ្គឺរ បានឡើងឈរកំពូលតារាងបណ្ដោះអាសន្ន និងមាន ៤ពិន្ទុបន្ទាប់ឆ្លងកាត់ ២ប្រកួតឈ្នះ១ និងស្មើ១៕
អត្ថបទ៖ លី ឈុនឡា