នៅថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប ៥៤៤ នាក់ បានចូលរួមអបអរសាទរនៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយុទ្ធពលខេមរៈភូមិន្ទ ដែលពិធីនេះធ្វើឡើងនៅបរិវេណរមណីយដ្ឋានស្រះឈូក ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ។
ក្រុមយុវជនបានសម្តែងនូវភាពសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅជំពោះ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ ដែលព្រះអង្គបានទាមទាបាននូវ ឯករាជជាតិពេញលេញ ពីអាណានិគមនិយមបារាំងនៅឆ្នាំ ១៩៥៣ ជូនដល់ប្រជានុរាស្ត្រ និងប្រទេសជាតិ ។ ហើយក្នុងនាមប្រជានុរាស្ត្រ ក៏ដូចជាយុវជនជំនាន់ក្រោយ ពួកគេចង់ចាំមិនភ្លេចទេនូវស្នាព្រះហស្ថដែលមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ ។ ទន្ទឹមគ្នានោះ ពួកគេក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងបន្តថែរក្សា ឯករាជជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍន៍ប្រទេស តាមរយៈការបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ព្រឹត្តិការណ៍ដ៏សំខាន់ដើម្បី រំលឹកដល់ការទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ឆ្នាំ១៩៥៣ ក្រោមព្រះរាជភោជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ រដ្ឋបាលខេត្តកំពតតែងតែ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះទេ ដើម្បីរម្លឹកនឹកគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិផង និងរម្លឹកដឹងគុណដល់កងព័ទដែលបានលះបង់កម្លាំងកាយចិត្ត និងពលីអាយុជីវិតដើម្បីការពារទឹកដី ប្រទេសជាតិ និងប្រជាជន៕




