ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់និយាយថា ការវាយប្រហារយ៉ាងឃោរឃៅ កំពុងកើនឡើងនៅក្នុងទីក្រុង el-Fasher បន្ទាប់ពីកងកម្លាំងគាំទ្ររហ័ស (RSF) បានដណ្តើមយកទីក្រុងនេះនៅតំបន់ Darfur ភាគខាងលិចកាលពីខែមុន។

លោកស្រី Li Fung តំណាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ បាននិយាយនៅក្នុងវីដេអូមួយដែលបានចេញផ្សាយលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ថា ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ទីក្រុង el-Fasher បានមើលឃើញការកើនឡើងនៃការវាយប្រហារយ៉ាងឃោរឃៅ។ នេះបានក្លាយជាទីក្រុងពោពេញដោយភាពសោកសៅ។
លោកស្រីបាននិយាយថា ជនស៊ីវិលដែលបានរួចផុតពីការឡោមព័ទ្ធ និងការប្រយុទ្ធគ្នារយៈពេល ១៨ ខែឥឡូវនេះកំពុងរងទុក្ខពីអំពើឃោរឃៅ ក្នុងទ្រង់ទ្រាយដែលមិនអាចនឹកស្មានដល់។
មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ រួមទាំងស្ត្រី កុមារ និងអ្នករបួស ដែលបានស្វែងរកសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ និងសាលារៀន។ គ្រួសារទាំងមូលត្រូវបានកាប់សម្លាប់នៅពេលពួកគេរត់គេចខ្លួន ហើយ អ្នកផ្សេងទៀតបានបាត់ខ្លួន។
ការព្រមាននេះកើតឡើងខណៈក្រុមជំនួយនានាបាននិយាយថា មនុស្សរាប់ពាន់នាក់ដែលបានភៀសខ្លួនចេញពីរដ្ឋធានីនៃរដ្ឋ North Darfur ប្រឈមនឹងស្ថានភាពដ៏ធ្ងន់ធ្ងរនៅក្នុងទីប្រជុំជន Tawila៕

