យោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់បីនាក់ក្នុងការវាយប្រហារនៅទូទាំងហ្កាហ្សា ទោះមានបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកក៏ដោយ ខណៈក្រុមអាជ្ញាធរនៅក្នុងតំបន់ហែកហួរដោយសង្គ្រាមមួយនេះ បានរាយការណ៍ថាចំនួនអ្នកស្លាប់សរុបឥឡូវនេះបានកើនឡើងដល់ជាង ៦៩.០០០ នាក់។

ការសម្លាប់ចុងក្រោយបំផុតកាលពីថ្ងៃសៅរ៍បានកើតឡើងខណៈក្រុមហាម៉ាសក៏បានប្រកាសពីការទាញយកសាកសពទាហានអ៊ីស្រាអែលម្នាក់ទៀតពីរូងក្រោមដីមួយ ក្បែរក្រុង Rafah ភាគខាងត្បូងហ្កាហ្សាផងដែរ។
ប្រភពព័ត៌មានវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថាជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃសៅរ៍រួមមានបុរសប៉ាឡេស្ទីនម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងជំរំជនភៀសខ្លួន Bureij ភាខគកណ្តាល ខណៈយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានសម្លាប់មនុស្សពីរនាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថាបានឆ្លងកាត់អ្វីដែលហៅថា ខ្សែបន្ទាត់លឿង ឬព្រំដែនបទឈប់បាញ់នៅភាគខាងជើង និងភាគខាងត្បូងនៃដែនដីនេះ ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៤០ នាក់ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី ១០ ខែតុលា។
ក្រសួងសុខាភិបាលក៏បាននិយាយផងដែរថា ចំនួនមនុស្សសរុបដែលត្រូវបានសម្លាប់នៅក្នុងតំបន់នេះចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានកើនឡើងដល់ ៦៩.១៦៩ នាក់ បន្ទាប់ពីអ្នកស្លាប់កាន់តែច្រើនត្រូវបានកំណត់អត្តសញ្ញាណ និងសាកសពកាន់តែច្រើនត្រូវបានរកឃើញពីគំនរបាក់បែក៕

