នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥) នៅវេទិកា៧មករា ក្រុងព្រះសីហនុ ថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីសម្ដែងនូវការដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជនយុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើន រុងរឿងរបស់ប្រទេសជាតិយើង។
អនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រ នៃការទាមទារឯករាជ្យបរិបូណ៌ ប្រជាជាតិកម្ពុជាយើងតែងតែប្រារព្ធពិធីបុណ្យ នៅថ្ងៃទី៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដើម្បីសម្ដែងនូវការដឹងគុណ និងចងចាំនូវពលីកម្មរបស់វីរជនយុទ្ធជន ប្រជាជនយើងដែលបានបូជាជីវិត ដើម្បីឯករាជ្យជាតិ ឥស្សរភាព និងសេចក្តីសុខចម្រើនរុងរឿងរបស់ប្រទេសជាតិយើង និងដើម្បីរំលឹកពីឧត្តមគុណបំណាច់ នៃការទាមទារឯករាជ្យពីសាធារណ រដ្ឋបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ ព្រះនរោត្តម សីហនុ “ព្រះករុណាព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ឥស្សរជន និងជំនាញការសំខាន់ៗបារាំង និងខ្មែរ បានខិតខំធ្វើការដ៏ត្រឹមត្រូវរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបភាគីខ្មែរទទួលបានលទ្ធផលជាទីពេញចិត្ត ព្រះរាជាណាចក្រកម្ពុជាយើង ជារដ្ឋឯករាជ្យពេញបរិបូណ៌។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ឯករាជ្យ និងសន្តិភាព គឺសុទ្ធតែកើតចេញពីការខិតខំប្រឹងប្រែង និងការផ្តួចផ្តើមដោយខ្មែរខ្លួនឯង ក្នុងន័យនេះក្នុងនាមជាកុលបុត្រខ្មែរទាំងអស់គ្នា ត្រូវបេ្តជ្ញាខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដង្ហែតាមស្នាព្រះហត្ថប្រវត្តិសាស្រ្ត និង និងរួមគ្នាជាធ្លុងមួយ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងអគ្គមគ្គទេសក៏ដឹកនាំដ៏ត្រឹមត្រូវនិងប៉ិនប្រសប់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពូនជ្រុំថែរក្សា និងការពារឱ្យបានស្ថិតស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍន៍ និងអត្ថិភាពជានិរន្តរ៍ នៃជាតិខ្មែរ៕









